សេដ្ឋកិច្ច

ប្រធានាធិបតី​កូរ៉េខាងត្បូង សន្យា​បង្កើន​ជំនួយ និង​ជំរុញ​ការវិនិយោគ​មកកាន់​ក​ម្ពុ​ជា

ភ្នំពេញ​៖​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុ​ក​យុល (Yoon Suk-yeol) បាន​សន្យា​បង្កើតនជំនួយ​ទ្វេដង និង​ជំរុញ​ការវិនិយោគ​ឱ្យ​កាន់តែ​ច្រើន​​មកកាន់​ប្រទេស​កម្ពុជា​។​

​លោក​ប្រធានាធិបតី ក៏បាន​សម្តែង​ការពេញចិត្ត ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទំនាក់​ទំនង​រវាងរ​ដ្ឋា​ភិ​បាល និង​រដ្ឋាភិបាល​, វិស័យ​ឯកជន និង​ឯកជន ព្រមទាំង​ប្រជាជន និង​ប្រជាជន​។​

​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​កត់សម្គាល់ថា ក្នុង​ទំនាក់ទំនង​រយៈពេល​ត្រឹមតែ ២៥​ឆ្នាំទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​​កើនឡើង​ជាង ២០​ដង​។ ឈរលើ​ការរីកចម្រើន​ផ្នែក​ពាណិជ្ជ​កម្មនេះ កូរ៉េ ចាត់ទុក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ជាការ​ងារ​ដ៏​អាទិភាព​មួយ​។​

​លោក​ប្រធានាធិបតី បានលើកឡើង​ដែរ​ថា ជំនួយ​ក្រៅប្រទេស​របស់​កូរ៉េ មកកាន់​កម្ពុជា ត្រូវបាន​បង្កើន​ឡើង​ទ្វេដង សម្រាប់​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ហើយ​កូរ៉េ នឹង​ជំរុញ​ការវិនិយោគ​មកកាន់​ក​ម្ពុ​ជា ឱ្យ​កាន់តែ​ច្រើនឡើងដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់​ទំនង​​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។ ជាពិសេស​ក្តាប់​យក​ឱកាស​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ការមិន​យកពន្ធ​រវាង​ប្រទេស​ទាំងពីរ​៕ដោយៈសិរីមតី