សេដ្ឋកិច្ច

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥១ លាន​ដុល្លារ​ដល់​កម្ពុជា​

ភ្នំពេញ​៖​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា​៖​លោក ប្រាក់ សុខុន​ឧបនាយក រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro)​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​និង​ឯកសារ​ពាក់ព័ន្ធ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ក្នុង​ទឹកប្រាក់​ប្រមាណ​៧,៣៩៨​លាន​យ៉េន​ស្មើ​ប្រមាណ​៥១,៣ លាន​ដុល្លារ​អាមេរិក នៅ​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ ២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

​ពិធី​ចុះហត្ថលេខា​នឹង​ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក គឺ​ស៊ី​ដា ហ្វ៊ូមី​អូ (KISHIDA Fumio) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​។​

​សេចក្តីប្រកាស​ពត៌មាន​ដដែល​នេះ​បានឱ្យដឹងថា​៖​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​និង​ឯកសារ​ពាក់ព័ន្ធ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​រួមមាន​៖

១.«​គម្រោង​សាងសង់​អគារ​ហ្វឹកហ្វឺន និង​អគារ​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​ពី​សង្គ្រាម​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​»​ដែលមាន​ទឹកប្រាក់​ចំនួន ២.៤៥១ លាន​យ៉េន​(​ប្រមាណ ១៧ លាន​ដុល្លារ​អាមេរិក​) ។​
២. «​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​»​ដែលមាន​ទឹកប្រាក់​ចំនួន ១.១៥០​លាន​យ៉េន (​ប្រមាណ ៨ លាន​ដុល្លារ​អាមេរិក​)​។​
៣.«​គម្រោង​កែលម្អ​ការគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ដែល​អាច​ចម្លង​មេរោគ »​ដែលមាន​ទឹកប្រាក់​ចំនួន ៤៣៦ លាន​យ៉េន (​ប្រមាណ ៣ លាន​ដុល្លារ​អាមេរិក​) ។​
៤.«​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត រោងចក្រ​ភូមិ​ព្រែក​»​ដែលមាន​ទឹកប្រាក់​ចំនួន ៣.៣៦១ លាន​យ័ន (​ប្រមាណ ២៣​លាន ៣​សែន ដុល្លារ​អាមេរិក​)​។​

​ក្នុងពេល​ជាមួយគ្នា​នោះដែរ​លោក​អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ក៏​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ដូចខាងក្រោម​ជាមួយ​ភាគី​ជប៉ុន​៖ .​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ចំនួន ៣ ខាងលើ​ដែល​អនុវត្ត​ដោយ JICA​ជាមួយ​លោកស្រី កា​មេ ហា​រូ​កូ (KAMEI_Haruko) ប្រធាន​តំណាង​កា​រិ យា​ល័យ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា​និង អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ក្រុមហ៊ុន Toyota Tsusho Corporation ជាមួយ​លោក តូ​ហ្ស៊ី​មី​តស៊ូ អ៊ី​ម៉ៃ (Toshimitsu Imal )​អគ្គនាយករង​ប្រតិបត្តិ​ក្រុមហ៊ុន Toyota Tsusho Corporation ។​

​សូមបញ្ជាក់ថា​៖​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ព​នឿ ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង សង្គម​កម្ពុជា​ព្រមទាំង​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ដែលមាន​ស្រាប់​និង​ចំណងមិត្តភាព​ជា ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ ៕​ដោយៈផាវី