សេដ្ឋកិច្ច

កម្ពុជា បង្ហាញ​មេដឹកនាំ​អាស៊ាន​នូវ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ទុនវិនិយោគ​ជាង​២០០​លាន​ដុល្លារ

ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ថ្ងៃទី​១១​ខែវិច្ឆិកា កម្ពុជា​បានបង្ហាញ គម្រោង​សាងសង់​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង ដ៏​ធំ​មួយ នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទុនវិនិយោគ​ជាង២០០​លាន​ដុល្លារ​។​

​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង PPLC នឹង​ក្លាយជា​កន្លែង​ត​ភ្ជាប់​សំខាន់ៗ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ហើយ​អាចជួយ​ពង្រឹង​ប្រទេស​កម្ពុជ​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ដ៏​សំខាន់​ផងដែរ​។​

​ពិធី​បើក​បង្ហាញ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​គម្រោង​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង​ភ្នំពេញ   (Phnom Penh Logistics Complex ) ត្រូវបាន​ធ្វើឡើង ក្រោម​អធិបតីភាព​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ , លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូននិង​លោក​បណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី​។​

​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណង​ភ្នំពេញ​នេះ ត្រូវបាន​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន YCH Group​ដែលជា​ក្រុមហ៊ុន​ឡូ​ជី​ស្ទីក​និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដ៏​ធំ​មួយ​នៅ​អាស៊ី​។មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ពហុ​បំណងPPLCនឹង​ក្លាយទៅជា​គម្រោង​ឡូ​ជី​ស្ទីក​ប្រកបដោយ​និរន្តរភាព​ ដ៏​ល្អ​មួយ​នៅក្នុង​តំបន់​អាស៊ាន​។

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភា​រកម្ម គឺជា​វិស័យ​ពីរ ដែលមាន​ភាព​ប្រទាក់ ក្រឡា​គ្នា និង​ជា​ឆ្អឹងខ្នង ហើយក៏​ជា​កម្លាំង​ជំរុញ​ការតភ្ជាប់ សកម្មភាព​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ រួមចំណែក​ដល់​ផលិតភាព និង​កំណើន សេដ្ឋកិច្ច​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែមថា PPLC នឹង​ជួយ​ពង្រឹង​ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភា​រកម្ម​ក្នុង​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ (GMS) អាស៊ាន និង​ពិភពលោក​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បាន​បន្ថែមថាPPLCដើរតួនាទី​យ៉ាងសំខាន់មិន​ត្រឹមតែ​ពង្រឹង​ការតភ្ជាប់​របស់​កម្ពុជា​ជាមួយ​ពាណិជ្ជ កម្ម​ក្នុង​តំបន់ និង​ក្នុងចំណោម​ប្រទេស​មហា​អនុតំបន់​មេគង្គ GMS ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​នៃ​ការ ដឹកជញ្ជូន​ពហុ​មធ្យោបាយ រួមមាន​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ​ទឹក​ជ្រៅ និង​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នៅ​កម្ពុជា​ជាអាទិ៍​។​

​លោក​ទេសរដ្ឋមន្ត្រី បន្ថែមទៀតថា PPLC ក៏​នឹង​បង្កើតបានជា​ប្រព័ន្ធ​អេកូ​ឡូ​ជី​ស្ទីក​ប្រកបដោយ​ប្រសិទ្ធភាព កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន ធ្វើឱ្យ​ប្រសើរឡើង​ការប្រកួតប្រជែង រួមបញ្ចូល​ទាំង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ទៀតផង​។​

«PPLC ត្រូវបាន​កំណត់​ក្នុង​ផែនការមេ​នៃ​ភស្តុភារ​កម្ម​របស់​យើង​ថា ជា​គម្រោង​យុទ្ធសាស្ត្រ​មួយ ដើម្បី​គាំទ្រ​ដល់​ការធ្វើសមាហរណកម្មរ​បស់​កម្ពុជា ទៅក្នុង​បណ្តាញ​ភស្តុភារ​ឆ្លាត​វៃ​របស់​អាស៊ាន (ASLN) ហើយក៏​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការតភ្ជាប់​អាជីវកម្ម​របស់​កម្ពុជា​នៅក្នុង​តំបន់​អាស៊ាន​យ៉ង​ពិតប្រាកដ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​។

ក្នុង​ពិធី​ដាក់​បង្ហាញ​នេះ លោក​បណ្ឌិត Vivian Balakrishnan បាន​លើកឡើងថា ប្រទេស​សិង្ហ​បុរី កំពុង​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​កម្ពុជា លើ​គម្រោង​អនាគត​ស្រដៀង​គ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា ទំនាក់ទំនង​អន្តរ​តំបន់ គឺជា​សក្ខីភាព​បង្ហាញ​ពី​ទំនាក់ទំនង​ទ្វេរ​ភាគី​ដ៏​រឹងមាំ​រវាង​កម្ពុជា​-​សឹង្ហ​បុរី ហើយក៏​ជា​ទំនាក់ទំនង​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ផងដែរ​។ ទំនាក់ទំនង​នេះ មាន​ចរិត​ជា​លក្ខណៈ​ប្រកួតប្រជែង​រួម​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​៕ដោយៈសិរីមតី