សេដ្ឋកិច្ច

កម្ពុជា​-​ហ្វីលីពីន ឯកភាពគ្នា​ជំរុញឱ្យមាន​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ឲ្យ​កាន់តែ​ឆាប់

​ភ្នំពេញ​៖​ភាគី​កម្ពុជា និង​ហ្វីលីពីន បាន​ឯកភាពគ្នា ក្នុង​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ ឲ្យ​កាន់តែ​ឆាប់រហ័ស ទាំង​ក្នុង​ក្របខណ្ឌ​រដ្ឋ និង​រដ្ឋ ឯកជន និង​ឯកជន​។​

​ការឯកភាព​គ្នា​នេះ​ធ្វើឡើង​រវាង​ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ របស់​ក្រសួងពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជាមួយនឹង សាជីវកម្ម​ជំនួញ​អន្តរជាតិ Philippine International Trading Corporation ជា​ស្ថាប័នរដ្ឋ​របស់​ប្រទេស​ហ្វីលីពីន ក្នុងការ​ចាត់ចែង​លើ​ចំនួន​នាំចូល និង​ចែកចាយ​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ចាន់ សុខ​ទី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​ប្រធាន​អគ្គនាយក ក្រុមហ៊ុន ហ្គ្រី​ន ត្រេ​ដ និង​ដោយ​ភាគី​ខាង​ប្រទេស​ហ្វីលីពីន ដឹកនាំ​ដោយ​លោកស្រី Emmie Liza Perez-Chiong ជា​ប្រធាន​អគ្គនាយក​សាជីវកម្ម Philippine International Trading Corporation ។​

​នៅក្នុង​កិច្ចប្រជុំ ភាគី​ទាំងពីរ​បានធ្វើ​ការពិភាក្សា​អំពី​លទ្ធភាព និង​យន្តការ​លើ​ការ​ការដឹកជញ្ជូន​ភ័ស្តុភា​រកម្ម និង​ស្តង់ដារ​អង្ករ​ដែល​ភាគី​ប្រទេស​ហ្វីលីពីន​មាន​តម្រូវការ​។ ជារួម​សម្រាប់​កម្ពុជា គឺ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ដំណើរការ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ហ្វីលីពីន​៕ដោយៈសិរីមតី