កីឡា

Suarez និង Cavani ត្រៀមបង្ហាញមុខ នៅ World Cup ជាលើកទី ៤

ខ្សែប្រយុទ្ធចាស់វស្សាទាំង ២ Luis Suarez និង Edinson Cavani ទទួលបានការកោះហៅឱ្យចូលរួមជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយ សម្រាប់ព្រឹត្តិការណ៍ World Cup ជាលើកទី៤ បន្តបន្ទាប់គ្នា បន្ទាប់ពីមានការប្រកាសឈ្មោះកីឡាករទាំង ២៦នាក់ចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើដំណើរទៅប្រទេសកាតា នាចុងខែនេះ។

កីឡាករ Cavani វ័យ ៣៥ឆ្នាំ ត្រូវបានចាត់ទុកថា ស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសាររងរបួសកជើងជាថ្មីម្តងទៀត ដែលឃើញថា រូបគេលេងបាន ៩០នាទីពេញតែម្តងប៉ុណ្ណោះឱ្យក្រុម Valencia សម្រាបការប្រកួតប្រជែង នៅក្របខ័ណ្ឌ La Liga នារដូវកាលនេះ។

បន្ទាប់ពីបានបង្ហាញទម្រង់លេងរយៈពេល ៩០នាទីនោះ រូបគេត្រូវបានគេដកចេញត្រឹមតែ ១៨ នាទី ក្នុងការប្រកួតបន្ទាប់របស់ក្រុម Valencia ទល់នឹងក្រុម Barcelona កាលពីថ្ងៃទី២៩ ខែតុលា ហើយរូបគេមិនទាន់បានត្រឡប់មកមានសកម្មភាពនៅលើទីលានវិញទេ។

ចំណែកឯកីឡាករ Suarez ដែលមានអាយុ ៣៥ឆ្នាំដែរនោះ បានចូលលេងការប្រកួតលក្ខណៈមិត្តភាពទាំង ២លើក កាលពីខែកញ្ញា ដោយក្នុងនោះក៏មានចំណែករួម ក្នុងការបញ្ជូនបាល់ ក្នុងជ័យជម្នះ ២-០ លើក្រុមកាណាដាផងដែរ ដែលនេះបង្ហាញថា រូបគេនៅតែស្ថិតក្នុងកម្រិត ដែលក្រុមត្រូវការ ទោះបីជាពេលនេះ រូបគេបានវិលទៅប្រកបអាជីពជាមួយក្លិបបាល់ទាត់ Nacional នៅក្របខ័ណ្ឌកំពូលនាប្រទេសកំណើតក៏ដោយ។

កីឡាករទាំង ២៦រូបរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ សម្រាប់ World Cup 2022:

-អ្នកចាំទី: Fernando Muslera (Galatasaray), Sergio Rochet (Nacional), Sebastian Sosa (Independiente)។

-ខ្សែការពារ: Jose Maria Gimenez (Atletico Madrid), Sebastian Coates (Sporting CP), Diego Godin (Velez Sarsfield), Martin Caceres (LA Galaxy), Ronald Araujo (Barcelona), Guillermo Varela (Flamengo), Jose Luis Rodriguez (Nacional), Mathias Olivera (Napoli), Matias Vina (Roma)។

-ខ្សែបម្រើ: Lucas Torreira (Galatasaray), Manuel Ugarte (Sporting CP), Matias Vecino (Lazio), Rodrigo Bentancur (Tottenham Hotspur), Federico Valverde (Real Madrid), Facundo Pellistri (Manchester United), Nicolas De La Cruz (River Plate)។

-ខ្សែប្រយុទ្ធ: Agustin Canobbio (Athletico Paranaense), Facundo Torres (Orlando City), Giorgian De Arrascaeta (Flamengo), Maxi Gomez (Trabzonspor), Luis Suarez (Nacional), Edinson Cavani (Valencia), Darwin Nunez (Liverpool)៕