អន្តរជាតិ

អ៊ុយក្រែនរំដោះបានទីតាំងឈរជើងថ្មី ៤១កន្លែងនៅតំបន់ឃើសនភាគខាងត្បូង

ទន្ទឹមនឹងដំណឹងនៃការដកទ័ពរុស្ស៊ីចេញពីតំបន់ឃើសនភាគខាងត្បូង អ៊ុយក្រែនបានអះអាងថា ពួកគេបានរំដោះបានទីតាំងឈរជើងថ្មីចំនួន ៤១កន្លែង។

នេះដោយយោងតាមសំដីរបស់ប្រធានាធិបតីអ៊ុយក្រែន ហ្សេឡិនស្គី និយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកថា “ថ្ងៃ​នេះ យើង​មាន​ដំណឹង​ល្អ​ពី​ភាគ​ខាង​ត្បូង។ កងកម្លាំងយើងបានរំដោះទីតាំងថ្មី ៤១កន្លែង”។ “ក្រៅពីសប្បាយចិត្ត យើងត្រូវតែចងចាំឥឡូវនេះ និងជារៀងរហូតតទៅថា រាល់ជំហានដែលកងកម្លាំងការពារបោះទៅមុខ និងពលី … ជីវិតដែលត្រូវបានផ្តល់គឺសម្រាប់សេរីភាពរបស់អ៊ុយក្រែន”។ លោកស្គីមិនបានលម្អិតឈ្មោះភូមិ ទីតាំងដែលដណ្តើមបាននោះទេ តែបើតាមទាហានអ៊ុយក្រែន ទីតាំងរំដោះបានសុទ្ធសឹងតែជាភូមិសាស្រ្ត​សំខាន់ៗ ដូចជាខ្សែបន្ទាត់ Pervomaiske, Petropavlivka ក៏ដូចជាទីក្រុង Snihurivka ក្នុងតំបន់ Mykolaiv ភាគខាងត្បូងដែលជាប់គ្នានោះ។

យ៉ាងណាមិញ ជុំវិញមន្ទិលនៃការដកទ័ពរុស្ស៊ីចេញពីឃើសន រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនបាន​កត់សម្គាល់​ថា វានឹងមិនងាយស្រួលដូចពាក្យនិយាយទេ។ ទ័ពរុស្ស៊ីនៅឃើសនមានប្រហែល ៤ម៉ឺននាក់ ការដកទ័ពមិនអាចធ្វើឡើងត្រឹម ១ ឬ ២ថ្ងៃឡើយ។ វានឹងចំណាយយ៉ាងហោចណាស់១សប្តាហ៍ ខណៈរបាយការណ៍បច្ចុប្បន្នភាពជាក់ស្តែង ទ័ពរុស្ស៊ីនៅតែកំពុងមានវត្តមានស្ថិតក្នុងទីក្រុង ជុំវិញទីក្រុង និងនៅលើច្រាំងខាងកើតនៃទន្លេ Dnieper៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា