អន្តរជាតិ

អង្គការអាតូមិកអន្តរជាតិ៖ វាពិបាកណាស់ដែលធ្វើឲ្យរុស្ស៊ី និងអ៊ុយក្រែនឈប់បាញ់គ្នានៅរោងចក្រនុយក្លេអ៊ែរ

ប្រធានអង្គការអាតូមិកអន្តរជាតិ IAEA បានជម្រាបប្រាប់ដោយត្រង់ៗថា លោកមានការពិបាក និងស្មុគ ស្មាញណាស់ក្នុងការបញ្ចុះបញ្ចូលរុស្ស៊ីនិងអ៊ុយក្រែនឲ្យបង្កើតដែនសុវត្ថិភាពនៅរោងចក្រនុយក្លេអ៊ែរ។

នៅខាងក្រៅសន្និសីទអាកាសធាតុ COP27 នៅប្រទេសអេហ្ស៊ីបសប្តាហ៍នេះ ប្រធានអង្គការអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA លោក Rafael Grossi បានជម្រាបប្រាប់ជាសធារណៈដោយត្រង់ៗថា លោកជាមនុស្សដែលមិនសូវចេះអត់ធ្ងត់ទេ ប៉ុន្តែលោកត្រូវបង្ខំចិត្តអត់ធ្មត់ ទោះបីជាវាត្រូវការពេលយូរប៉ុនណាក៏ដោយ ដើម្បីបញ្ចុះបញ្ចូល      រុស្ស៊ីនិងអ៊ុយក្រែនឲ្យឈប់បាញ់គ្នានៅរោងចក្រនុយក្លេអ៊ែរ។

លោកបន្តថា វាស្មុគស្មាញណាស់ ក្នុងការដែលទាញភាគីទាំងពីរមកចរចារឿងសុវត្ថិភាពនុយក្លេអ៊ែរនោះ ខណៈទាំងដែលសង្រ្គាមបង្ហូរឈាមកំពុងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ។ សូមរំលឹកជាថ្មីថា រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប Zaporizhzhia ដែលមានទីតាំងនៅអ៊ុយក្រែន ត្រូវរុស្ស៊ីកាន់កាប់និងដាក់បញ្ចូលនោះ ត្រូវបានបាញ់ផ្លោងឥតឈប់ឈរ ក្នុងពេលដែលវាត្រូវការការការពារគ្រប់ពេលកុំឲ្យថ្លោះធ្លោយខូចខាតនៃម៉ាស៊ីនរ៉េអាក់ទ័រចំនួនប្រាំមួយ បើមិនដូច្នោះ ហានិភ័យនៃជាតិវិទ្យុសកម្មនឹងកើតមានជាមិនខាន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា