សន្ដិសុខសង្គម

ប្រទះឃើញបុរសម្នាក់មានរបួសស្លាប់តាមផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ៖អ្នកដំណើរបានប្រទះឃើញបុរសម្នាក់មានទាំងរបួសផងបានស្លាប់នៅតាមផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋនៅជិតទីនោះ និងប្រាប់សមត្ថកិច្ចចុះពិនិត្យ។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវបេតុង មុខផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា។

ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុមានផាស្អេបមួយគ្រឿងមកឈប់នៅទីនោះ។ក្រោយពីផាស្អេបទៅបាត់ស្រាប់តែឃើញបុរសម្នាក់របួសធ្ងន់ធ្ងរផ្នែកក្បាលនិងដៃជើងដោយមិនដឹងមកពីមូលហេតុអ្វីនោះទេ។បុរសខាងលើក៏មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរ គេមានអាយុជាង៣០ឆ្នាំ ស្លៀកខោជើងខ្លី ពណ៌ខ្មៅ ពាក់អាវយឺតដៃវែងពណ៌ខ្មៅ។

អ្នកភូមិបានឱ្យដឹងថា ជនរងគ្រោះត្រូវគេដឹកតាមផាស្អេបយកមកទម្លាក់ចោលនៅលើផ្លូវ ហើយក៏បើកចេញទៅបាត់។ចំណែកបុរសរងគ្រោះបានស្រែកថ្ងូរថាចុកណាស់ៗហើយបាននិយាយថា “បានប្រាប់ពេទ្យដែរ តែគេមិនជួយខ្ញុំឡើយ”។លុះបន្តិចក្រោយមកក៏ដាច់ខ្យល់ស្លាប់តែម្តង។ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបន្តស្រាវជ្រាវក្នុងករណីនេះ៕ដោយ៖វិចិត្រ