សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ជិះរថយន្តទំនើបបាញ់បោះសេរីទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលបានស្រាវជ្រាវចាប់បុរស២នាក់ ករណីជិះរថយន្តទំនើបប្រើកាំភ្លើង​បាញ់គំរាមប្រជាពលរដ្ឋ ហើយបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

ករណីបង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សមត្ថកិច្ចបានឱ្យដឹងថា នគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា បានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការដើម្បីសាកសួរពាក់ព័ន្ធ​ករណីជិះរថយន្តទំនើបបាញ់គំរាមប្រជាពលរដ្ឋ។ជនសង្ស័យឈ្មោះទាក់ ឌី អាយុ៣០ឆ្នាំនិងឈ្មោះកើត សំភាស់ អាយុ៣៤ឆ្នាំ។

មុនកើតហេតុ ខ្មាន់កាំភ្លើងចេញពីកន្លែងផឹកស៊ីបើករថយន្តក្នុងស្ថានភាពស្រវឹងក៏កៀរម៉ូតូអ្នកដំណើរ។លុះដល់ពលរដ្ឋឃាត់រថយន្តសាកសួរ ស្រាប់តែដកកាំភ្លើងខ្លីបាញ់ដីប្រឡោះជើងជនរងគ្រោះចំនួន​២គ្រាប់​បណ្តាលឱ្យបុរសម្នាក់រងរបួស ហើយក៏បើករថយន្តគេចខ្លួនបាត់។

បន្ទាប់ពីនោះកម្លាំងជំនាញតាមចាប់ជនបង្កឈ្មោះទាក់ ឌី ដល់ផ្ទះតែម្តងនៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ក្នុងនោះដកហូតកាំភ្លើងខ្លី-រថយន្តម៉ាកJeep និងឃាត់ខ្លួន​បក្ខពួកម្នាក់ទៀតឈ្មោះ កើត សំភាស់ អាយុ៣៤ឆ្នាំ ជាមន្ត្រីយោធាអគ្គបញ្ជូនសារ៕ដោយ៖វិចិត្រ