សន្ដិសុខសង្គម

បញ្ជូនក្មេងស្ទាវ២នាក់ប្រើដាវជិះម៉ូតូកាប់គេឱ្យរបួសធ្ងន់ទៅតុលាការ

ពោធិ៍សាត់៖កម្លាំងនគរបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានចាប់ក្មេងស្ទាវ២នាក់ ចំណោម៦នាក់ករណីប្រើដាវជិះម៉ូតូដេញកាប់ជនរងគ្រោះឱ្យរបួសធ្ងន់និងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ប្រើអំពើហិង្សាកាប់មនុស្សឱ្យរងរបួសម្នាក់នោះបានកើតឡើង នៅលើផ្លូវលេខ១០១ ម្តុំមុខអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ជនសង្ស័យ២នាក់ដែលត្រូវចាប់ខ្លួនឈ្មោះទី តូច អាយុ១៨ឆ្នាំ-ឈ្មោះ សុះ ហៀក អាយុ១៦ឆ្នាំ ។ពួកគេនៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ក្នុងនោះដកហូត ដាវ២និងម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង។

រីឯជនរងគ្រោះឈ្មោះប៊ុន ថនសុធីម អាយុ១៦ឆ្នាំ នៅភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ក្រោយពីចាប់ជនសង្ស័យទាំង២នាក់ខាងលើនគរបាលខេត្តពោធិ៍សាត់ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ