អន្តរជាតិ

ទ័ពរុស្ស៊ីបំផ្លាញមជ្ឈមណ្ឌលប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែននៅឃើសន

អ៊ុយក្រែនរាយការណ៍ថា កងទ័ពរុស្ស៊ីបានឆ្លៀតបំផ្លាញប៉មទូរទស្សន៍ និងហេដ្ឋារចនាសម្ព័ន្ធថាមពល​នៅក្នុងតំបន់ឃើសន មុនពេលដែលពួកគេចាកចេញ។

របាយការណ៍ពីគេហទំព័រ IMI អ៊ុយក្រែនបានដកស្រង់ប្រភពអ្នកស្រុកឃើសនផ្ទាល់កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ទាហានរុស្ស៊ីដែលបានដកថយចេញពីតំបន់ Kherson បានឆ្លៀតបំផ្ទុះផ្នែកមួយ​នៃមជ្ឈមណ្ឌលផ្សាយទូរទស្សន៍ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធកម្ដៅ និងថាមពលនៅពេលថ្ងៃ។ របាយការណ៍បានបន្តថា “កងទ័ពបានបំផ្ទុះហេដ្ឋារចនាសម្ព័ន្ធទូរសព្ទចល័ត និងបានចាកចេញពីទីក្រុងដោយគ្មានថាមពល” ។ អភិបាលតំបន់ Kherson ខាងអ៊ុយក្រែន លោក Yaroslav Yanushevych បានសរសេរនៅលើ Telegram ថា ទាហានរុស្ស៊ីបាន“ដកហូតឧបករណ៍​សាធារណៈ ខ្សែភ្លើង ហើយចង់ធ្វើបាបយើងឲ្យជាន់ដានពីក្រោយ”។

បន្ថែមពីនេះ ទីប្រឹក្សា​អ៊ុយក្រែន​និយាយ​ថា រុស្ស៊ី​ចង់​ឲ្យ Kherson ក្លាយជា​ទីក្រុង​មរណៈ បន្ទាប់ពីពួកគេបានប្រកាសដកថយកាលពីថ្ងៃពុធ។  “រុស្ស៊ីចង់ប្រែក្លាយ Kherson ទៅជា “ទីក្រុងនៃសេចក្តីស្លាប់” ខណៈពួកគេបានចូលលួចឆែកឆេរតាមផ្ទះល្វែង និងបានរៀបចំផែនការ​វាយប្រហារទីក្រុងចេញពីត្រើយម្ខាងនៃទន្លេ Dnieper”។ ចំពោះការចោទប្រកាន់នេះ រុស្ស៊ីមិនបាន​ឆ្លើយតបភ្លាមៗឡើយ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា