អន្តរជាតិ

ណាតូថារុស្ស៊ីកំពុងមានសម្ពាធខ្លាំង រឿងដកទ័ពចេញពីតំបន់ឃើសនអ៊ុយក្រែន

មេដឹកនាំអង្គការណាតូនិយាយថា រុស្ស៊ីកំពុងមានសម្ពាធសឹងផ្ទុះបែក ជុំវិញការដកទ័ពចេញពីតំបន់ កំពង់ផែឃើសនអ៊ុយក្រែនភាគខាងត្បូង។

ប្រធានអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងរ៉ូមថា លោកកំពុងរង់ចាំមើលពីរបៀបនៃការដកទ័ពរបស់រុស្ស៊ីចេញពីតំបន់ Kherson ថាតើវាដំណើរការ យ៉ាងណាហើយ។ ប៉ុន្តែប្រសិនបើមានការបញ្ជាក់ពិតប្រាកដជាក់លាក់មែន ថាជាការពិត នោះវានឹងក្លាយជា “ជ័យជម្នះមួយទៀតសម្រាប់អ៊ុយក្រែន”។ លោកថា “យើង​ត្រូវ​មើល​ថា​តើ​ស្ថានភាព​នៅ​លើ​ដី​មាន​ការ​វិវឌ្ឍ​យ៉ាង​ណា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ប៉ុន្តែអ្វីដែលច្បាស់នោះគឺថា រុស្ស៊ីស្ថិតនៅក្រោមសម្ពាធខ្លាំងសឹងតែផ្ទុះហើយ ប្រសិនបើពួកគេចាកចេញពី Kherson។

គួរសង្កេតថា ការរំដោះយក Kherson បានមកវិញនេះ អ្នកជំនាញនិយាយថា វានឹងអនុញ្ញាតឱ្យ អ៊ុយក្រែនរំដោះយកមកវិញនូវទឹកដីដែលបាត់បង់នៅក្នុងតំបន់ Zaporizhia និងតំបន់ភាគខាងត្បូងផ្សេងទៀត រួមទាំងនៅគ្រីមៀរ (Crimea) ដែលរុស្ស៊ីបានបញ្ចូលដោយខុសច្បាប់ នៅក្នុងឆ្នាំ ២០១៤ផងដែរ។ ប្រសិនបើរុស្ស៊ីអនុវត្តការដកខ្លួនចេញទាំងស្រុង វានឹងក្លាយជាការដកថយ ដ៏ធំបំផុតរបស់រុស្ស៊ី ជាការបរាជ័យដ៏ធំមួយចាប់តាំងពីកងកម្លាំងពួកគេត្រូវបានបណ្តេញចេញពី ជាយក្រុង Kyiv ក្នុងខែមីនា៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា