កីឡា

ជើងឯកចាស់ Liverpool ប៉ះ Man City នៅជុំទី ៤ នៃកម្មវិធី EFL Cup

ក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯកចាស់នៃកម្មវិធី EFL Cup បានជួបប្រទះការងារដ៏ធ្ងន់ធ្ងរបំផុត នាពេលខាងមុខ បន្ទាប់ពីការចាប់ឆ្នោតជុំទី ៤ កាលពីថ្ងៃព្រហស្បតិ៍ ដោយត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមមេឃខៀវ Manchester City ដែលជាម្ចាស់ជើងឯកចាស់នៃក្របខ័ណ្ឌ Premier League។

ក្រុម Liverpool បានមាននូវលទ្ធផលមិនល្អនោះឡើយ សម្រាប់ការប្រកួតប្រជែង ក្នុងស្រុក នារដូវកាលនេះ ដោយកាលពីថ្ងៃពុធ ត្រូវការការទាត់ប៉េណាល់ទីកាត់ក្ដី ទើបអាចទម្លាក់ក្រុម Derby County ដែលលេងនៅលីគកម្រិតទី ២ របស់អង់គ្លេស ខណៈដែលការប្រកួត ក្នុងម៉ោងធម្មតា នៅកីឡដ្ឋាន Anfield ស្មើគ្នាដោយគ្មានគ្រាប់បាល់។

ក្រុម Man City ដែលបានឈ្នះពាន EFL Cup ដល់ទៅ ៤ដង ក្នុងចំណោម ៥លើកចុងក្រោយនោះ បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដណ្ដើមជ័យជម្នះលើក្រុម Chelsea នៅជុំទី៣។

តែយ៉ាងណាក្ដី ការរងបរាជ័យតែ ១លើកគត់របស់ក្រុម Man City គិតក្នុងការប្រកួត នៅគ្រប់កម្មវិធីទាំងអស់ នារដូវកាលនេះ គឺក្រោមស្នាដៃរបស់ក្រុម Liverpool ដោយការស៊ុតបញ្ចូលទីនៅចុងម៉ោងរបស់ខ្សែប្រយុទ្ធ Mohamed Salah បានផ្តល់ឱ្យក្រុមហង្សក្រហមនូវជ័យជម្នះ ១-០ នៅ Premier League កាលពីខែមុន។

ក្រុមបិសាចក្រហម Manchester United ដែលភ្លាត់តាមពីក្រោយដល់ទៅ ២ដង ហើយអាចវាយបកយកឈ្នះក្រុម Aston Villa ៤-២ ក្នុងហ្គេម នៅកីឡដ្ឋាន Old Trafford កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley មកពីលីគកម្រិតទី២ ក្នុងជុំទី៤ ហើយក៏មានការជួបគ្នា រវាងក្រុម នៅ Premier League ១គូផ្សេងទៀតដែរ ដោយក្រុម Newcastle United បើកទ្វារផ្ទះទទួលក្រុម Bournemouth ។

ការប្រកួតនឹងធ្វើឡើង នៅថ្ងៃទី១៩ ខែធ្នូ បន្ទាប់ពីការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅ World Cup នាប្រទេសកាតា ត្រូវបានបញ្ចប់ជាស្ថាពរ៕