អន្តរជាតិ

ជប៉ុននឹងវិនិយោគ៥០០លានដុល្លារដើម្បីផលិតបន្ទះឈីបឈានមុខគេដ៏ទំនើប

ប្រែសម្រួល៖សហការី

តូក្យូ៖ ប្រទេសជប៉ុនបានថ្លែងឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួននឹងវិនិយោគរហូតដល់ ៧០ ពាន់លានយ៉េន ស្មើនឹង (៥០០ លានដុល្លារ) នៅក្នុងកម្មវិធី semiconductor ថ្មីមួយដែលស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមហ៊ុនវិនិយោគលើបច្ចេកវិទ្យារួមមានដូចជា ក្រុមហ៊ុន Sony Group Corp (៦៧៥៨.T) និង NEC Corp (៦៧០១.T) ហើយក្នុងខណៈពេលនេះគេត្រូវតែរូសរាន់ផលិតបន្ទះឈីបដែលនាំមុខគេដ៏ទំនើបបំផុតមួយ។

លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម Yasutoshi Nishimura បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា”Semiconductors នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឈានមុខគេដ៏ទំនើបថ្មីមួយដូចជា AI ឧស្សាហកម្មឌីជីថល និងផ្នែកថែទាំសុខភាពជាដើម” ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនបន្ទះឈីបថ្មីមួយនេះ នឹងត្រូវបានគេដាក់ឈ្មោះថា Rapidus មានបំណងចាប់ផ្តើមផលិតបន្ទះឈីបនៅក្នុងពាក់កណ្តាលឆ្នាំទីពីរនៃទសវត្សរ៍នេះ។

ក្នុងខណ:ពេលដែលមានការប្រេះឆាខាងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនកាន់តែរីករាលដាលខ្លាំងឡើង ហើយទីក្រុងវ៉ាស៊ីនតោនបានដាក់កម្រិតដល់ទីក្រុងប៉េកាំង លើការទទួលបានបច្ចេកវិទ្យា semiconductor ឈានមុខដ៏ទំនើបនោះ ប្រទេសជប៉ុនកំពុងរួសរាន់ក្នុងការពិនិត្យឡើងវិញលើមូលដ្ឋានបច្ចេកវិទ្យាផលិតបន្ទះឈីប ដើម្បីធានាថាក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនព័ត៌មានវិទ្យា មិនមានភាពខ្វះចន្លោះលើគន្លឺះបច្ចេកវិទ្យាសំខាន់ៗទាំងនោះទេ។

ជប៉ុនក៏មានការព្រួយបារម្ភផងដែរថា ចិនអាចនឹងព្យាយាមចូលគ្រប់គ្រងតៃវ៉ាន់ដែលជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ផលិតបន្ទះឈីបឈានមុខគេដ៏ទំនើបបំផុត។

នេះក៏ជាផ្នែកមួយដែលរដ្ឋាភិបាលជប៉ុនកំពុងផ្តល់ជំនួយហិរញ្ញប្រទានដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតបន្ទះឈីបបរទេសធ្វើការសាងសង់រោងចក្ររបស់គេនៅក្នុងប្រទេសជប៉ុន រួមទាំងថវិកាការគាំពារដល់ទៅ ៤០០ ពាន់លានយ៉េនដើម្បីជួយដល់តៃវ៉ាន់ Semiconductor Manufacturing Co (TSMC) (២៣៣០.TWដែលជាក្រុមហ៊ុនផលិតបន្ទះសៀគ្វីតក្កវិជ្ជាដ៏ឈានមុខគេរបស់ពិភពលោកធ្វើការសាងសង់រោងចក្រផលិតនៅក្នុងខេត្តKumamoto ដែលអាចនឹងផ្គត់ផ្គង់ semiconductors ដល់ Sony និងក្រុមហ៊ុនផលិតរថយន្ត Denso Corp (៦៩០២.T) ។

កាលពីខែកក្កដា ប្រទេសជប៉ុនក៏បានផ្តល់ប្រាក់គាំពារចំនួន ៩៣ ពាន់លានយ៉េន ដើម្បីជួយដល់ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ Kioxia Corp និង Western Digital Corp (WDC.O)សម្រាប់បង្កើនទិន្នផលផលិតនៅក្នុងប្រទេសជប៉ុន។ កាលពីខែកញ្ញា គេបានសន្យាថានឹងផ្តល់ឲ្យក្រុមហ៊ុនផលិតបន្ទះឈីបអាម៉េរិកMicron Technology (MU.O) $៤៦.៥ ពាន់លានយ៉េន ដូច្នេះវាអាចបន្ថែមលើសមត្ថភាពផលិតនៅក្នុងរោងចក្ររបស់គេនៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា។

ក្រុមហ៊ុនបន្ទះឈីបថ្មីគឺតំណាងឲ្យយុទ្ធសាស្រ្ត semiconductor ជំនាន់ក្រោយរបស់ប្រទេសជប៉ុន និងជាការបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរបស់ខ្លួនលើការអភិវឌ្ឍបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសទាំងពីរ កាលពីខែកក្កដាកន្លងទៅនេះ បានយល់ព្រមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវរួមគ្នាថ្មីមួយដើម្បីអភិវឌ្ឍឲ្យកាន់តែលឿនថែមទៀត និងប្រកបដោយឧត្តមភាព លើការបង្កើតបច្ចេកវិទ្យាជំនាន់ក្រោយ ២-nanometer semiconductors ។ក្រុមហ៊ុនថ្មីនេះក៏នឹងរួមបញ្ចូលការវិនិយោគពីក្រុមហ៊ុនដ៏ទៃទៀតដូចជា Nippon Telegraph និងTelephone Corp (9432.T) ក៏ដូចជា Kioxia Holdings នេះបើយោងតាមទូរទស្សន៍ Tokyo បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។របាយការណ៍នេះបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវថ្មីមួយនៅដំណាច់ឆ្នាំ ២០២២ ដើម្បីអភិវឌ្ឍន៍ឧបករណ៍ semiconductors ក្រោម 2-nanometer ។

ប្រភពះ រ៉យទ័រ