អន្តរជាតិ

ក្រោយរុស្ស៊ីដោះលែងមិនបានប៉ុន្មានផង ទាហានអង់គ្លេសដ៏អង់អាចម្នាក់ស្រាប់តែចង់ទៅអ៊ុយក្រែនម្តងទៀត

ក្រោយត្រូវរុស្ស៊ីដោះលែងឲ្យមានសេរីភាពមិនទាន់បានប៉ុន្មានផង ជនជាតិអង់គ្លេស   ដ៏អង់អាចម្នាក់​មិនខ្លាចសេចក្តីស្លាប់ បានស្ម័គ្រចិត្តចង់ទៅអ៊ុយក្រែនសាជាថ្មីម្តងទៀត។

យោងតាមកាសែតដេលីមេល ចុះផ្សាយនៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះបានឲ្យដឹងថា លោក Aiden Aslin អាយុ ២៨ ឆ្នាំ ជនជាតិអង់គ្លេស ពិតជាបានសម្រេចចិត្តចង់ទៅប្រទេសអ៊ុយក្រែនជាថ្មីម្តង​ទៀត​ដើម្បីធ្វើជាអ្នករាយការណ៍ព័ត៌មានជួយដល់ខាងអ៊ុយក្រែន ទោះបីជាត្រូវរុស្ស៊ីធ្លាប់ចាប់ខ្លួន និងទើបតែដោះលែងក្តៅៗក៏ដោយ។ Aslin ត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្ស៊ីកាលពីខែមេសា ខណៈពេលដែលកំពុងប្រយុទ្ធនៅក្រុងកំពង់ផែ Mariupol ហើយត្រូវប្រឈមមុខទោសប្រហារជីវិត។ ក្រោយមកជាសំណាងល្អ រជ្ជទាយាទអារ៉ាប៊ីសាអូឌីត និងជាអតីតម្ចាស់ក្លឹប Chelsea លោក Roman Abramovich បានជួយធានាដោះលែង Aslin កាលពីខែកញ្ញាថ្មីៗនេះឲ្យមានសេរីភាពត្រលប់​ទៅចក្រភពអង់គ្លេសវិញដើម្បីជួបជុំគ្រួសារ។

គោលបំណងដែលចង់ទៅអ៊ុយក្រែនលើកនេះ លោក Aslin បានបង្ហើបឲ្យដឹងថា គាត់នឹងដើរតួជាអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមលើបណ្តាញសង្គម Youtube ។ គាត់នឹងរាយការណ៍អំពីជម្លោះដែលកំពុងបន្តនៅលើ YouTube របស់គាត់ រាយការណ៍ពីការប្រយុទ្ធផ្ទាល់ ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនអ៊ុយក្រែន។ លោកនិយាយថា “រឿងដែលជំរុញចិត្តរបស់គាត់​ក្នុងការវិលត្រលប់ទៅវិញ ព្រោះតែសេចក្តីស្រឡាញ់របស់​គាត់ចំពោះប្រទេសអ៊ុយក្រែន”។ តែយ៉ាងណាក៏ដោយ លោកនឹងមិនធ្វើជាទាហានទៀតទេ លោកមានគូដណ្តឹងនៅអង់គ្លេស លោកសន្យាហើយថានឹងមិនកាន់អាវុធឲ្យរុស្ស៊ីចាប់ខ្លួនម្តងទៀតឡើយ ពោលគឺគ្រាន់តែទៅ​យកព័ត៌មានភ័ស្តុតាងមកបង្ហាញជាសាធារណៈពីសង្រ្គាមប៉ុណ្ណោះ៕

ប្រភព៖  Daily Mail

ប្រភពរូប៖Daily Mail
ប្រែសម្រួល៖សុខ តុលា