សន្ដិសុខសង្គម

ក្មេង២ក្រុមប្រើដាវកាប់គ្នាក្នុងរោងការ បណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់

កណ្ដាល៖ ពិធីមង្គលការក្នុងភូមិមួយមានក្មេងស្ទាវ២ក្រុមបានបង្កជម្លោះវាយតប់ប្រើដាវកាប់គ្នា ក្នុងរោងការនោះ បណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់បានម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

នគរបាលបានឱ្យដឹងថា ជនរងគ្រោះ២នាក់ឈ្មោះ ប៊ុណ្ណា សុខកន អាយុ២៤ឆ្នាំ នៅភូមិពោធិតាប៉ាង ស្រុកស្អាង ខេត្តកណ្តាល រងរបួស២កន្លែងចំក្បាល។ឈ្មោះ ឈន រ៉ាត់ អាយុ៤១ឆ្នាំ រងរបួស២កន្លែង ចំពោះនិងកំភួនជើង។

ចំណែកជនសង្ស័យមានគ្នា៣នាក់ ឈ្មោះ ជូ​ រ៉ង អាយុ២២ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល ត្រូវឃាត់ខ្លួន។ឈ្មោះ រិន អាយុប្រហែល១៨ឆ្នាំ និងឈ្មោះ ហ៊ាង អាយុប្រហែល១៨ឆ្នាំ ២នាក់នេះនៅភូមិព្រែក ស្រុកស្អាង ខេត្តកណ្តាល កំពុងរត់គេចខ្លួន។វត្ថុតាងដកហូត៖ កាំបិតផ្គាក់១និងដាវ១ ។ ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕ដោយ៖វិចិត្រ