កីឡា

Son ប្រកាសពីការមានសុខភាពល្អប្រសើរ សម្រាប់ World Cup ក្រោយប្រេះឆ្អឹងរង្វង់ភ្នែក

កីឡាករឆ្នើម Son Heung-min របស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅថ្ងៃពុធ បានសម្រាលការភ័យខ្លាច ដែលថា រូបគេអាចនឹងខកខាន ក្នុងចូលរួមព្រឹត្តិការណ៍ World Cup ខណៈដែលរូបគេបានប្រាប់អ្នកគាំទ្រថា រូបគេមិនអាចទន្ទឹងរង់ចាំ ក្នុងការធ្វើជាតំណាងឱ្យប្រទេសដ៏ស្រស់ស្អាតរបស់ខ្លួន នៅប្រទេសកាតានោះឡើយ។

ខ្សែប្រយុទ្ធរបស់ក្រុម Tottenham Hotspur (Spurs) ត្រូវតែវះកាត់ការប្រេះឆ្អឹងម្ដុំរង្វង់ភ្នែក ដែលកើតមាន អំឡុងការប្រកួត នៅក្របខ័ណ្ឌ Champions League ដែលក្រុម Spurs មានជ័យជម្នះ ២-១ លើក្រុមម្ចាស់ផ្ទះ Marseille កាលពីសប្តាហ៍មុន។

ក្រុមកូរ៉េខាងត្បូង ចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ នៅ World Cup ដោយត្រូវប្រឈមនឹងក្រុមអ៊ុយរូហ្គាយ នៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយបន្ទាប់មកជួបក្រុមហ្គាណា និងព័រទុយហ្គាល់ តាមលំដាប់លំដោយ ក្នុងពូល H។

«សួស្តីអ្នកទាំងអស់គ្នា។ ខ្ញុំគ្រាន់តែចង់ប្រាប់បន្តិចថា អរគុណអ្នកទាំងអស់គ្នា សម្រាប់សារគាំទ្រ ដែលខ្ញុំទទួលបាន កាលពីសប្តាហ៍មុន។ ខ្ញុំបានអានដោយភាគច្រើន ហើយពិតជាអរគុណអ្នកទាំងអស់គ្នាណាស់។ ក្នុងពេលវេលាដ៏តានតឹងបែបនេះ ខ្ញុំបានទទួលកម្លាំងយ៉ាងច្រើនពីអ្នកទាំងអស់គ្នា»។ នេះជាការសរសេរសាររបស់កីឡាករ Son ដែលបានផូស្ត នៅលើបណ្ដាញសង្គម Instagram របស់ខ្លួន។

កីឡាករ Son បានរៀបរាប់បន្ថែមថា៖ «ការលេងឱ្យប្រទេសរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ World Cup គឺជាក្តីស្រមៃរបស់កុមារជាច្រើនរូប ដែលធំធាត់ឡើងមក ពោលគឺវាដូចជាសុបិនមួយរបស់ខ្ញុំផងដែរ។ ខ្ញុំនឹងមិនអវត្តមាន សម្រាប់ព្រឹត្តិការណ៍ដ៏ធំរបស់ពិភពលោកនេះទេ។ ខ្ញុំមិនអាចទន្ទឹងរង់ចាំបានទេ ក្នុងការធ្វើជាតំណាងឱ្យប្រទេសដ៏ស្រស់ស្អាតរបស់យើង។ ជួបគ្នាឆាប់ៗនេះ»។

សមិទ្ធផល ដែលកីឡាករ Son វ័យ ៣០ឆ្នាំ សម្រេចបានជាមួយក្លិប និងប្រទេសរបស់ខ្លួន បានធ្វើឱ្យរូបគេក្លាយជាវីរបុរស និងជាប្រធានក្រុមរបស់ក្រុមជម្រើសជាតិ។ រូបគេស៊ុតបញ្ចូលទីបាន ៣៥គ្រាប់ ពីការចូលលេង ក្នុងការប្រកួតលក្ខណៈអន្តរជាតិ ១០៦ដង  ក្នុងនោះរួមទាំងការរកបាន ៩គ្រាប់ ក្នុងចំណោម ១៤ហ្គេមចុងក្រោយផងដែរ៕