កីឡា

Man City ឈ្នះ Chelsea ហើយឡើងជុំបន្ត ខណៈ Arsenal និង Spurs ធ្លាក់ពី League Cup

ក្រុម Manchester City បានបន្ថែមសម្ពាធលើលោក Graham Potter ជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Chelsea ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃកម្មវិធី League Cup កាលពីថ្ងៃពុធ ខណៈដែលក្រុម Arsenal និង Tottenham Hotspur (Spurs) បានធ្លាក់ចេញពីការប្រកួតប្រជែងនេះ។

ក្រុមកាំភ្លើងធំត្រូវបានក្រុម Brighton យកឈ្នះ ក្នុងលទ្ធផល ៣-១ នៅផ្ទះខ្លួនឯង ខណៈក្រុម Spurs បានរងបរាជ័យ ២-០ នៅឯទឹកដីរបស់ក្រុម Nottingham Forest បើទោះបីជាខ្សែប្រយុទ្ធ Harry Kane បានចូលលេងជម្រើសដំបូងក៏ដោយ។

ចំណែកឯក្រុមជើងឯកចាស់ Liverpool ក៏បានរួចផុតពីការធ្លាក់ដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ ខណៈដែលពួកគេត្រូវការការទាត់បាល់ប៉េណាល់ទីកាត់ក្ដី ដើម្បីបានឈ្នះក្រុម Derby បន្ទាប់ពីប្រកួតស្មើ ០-០ ជាមួយក្រុមមកពីក្របខ័ណ្ឌ League One នៅកីឡដ្ឋាន Anfield របស់ខ្លួន។

សម្រាប់ក្រុម Man City មានប្រៀបស្ទើរទាំងស្រុងលើក្រុមភ្ញៀវ Chelsea ក្នុងការប្រកួត នៅកីឡដ្ឋាន Etihad នេះ ខណៈគ្រាប់បាល់ទាំង ២គ្រាប់ ដែលកើតឡើង ក្នុងរយៈពេលប្រមាណតែ ៥នាទី ដែលស៊ុតបញ្ចូលទីដោយកីឡាករ Riyad Mahrez និង Julian Alvarez បានជួយឱ្យក្រុមរបស់លោក Pep Guardiola បានធ្វើដំណើរទៅវគ្គបន្ត។

ជាមួយគ្នានេះ លោក Guardiola បានសរសើរដល់កីឡាកររបស់ខ្លួន ជាពិសេសខ្សែប្រយុទ្ធ Alvarez ដោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញនិយាយថា៖ «Julian (Alvarez) គឺជាកីឡាករដ៏ពិសេសម្នាក់។ ពិតណាស់ រូបគេត្រូវតែតស៊ូប្រជែងជាមួយខ្សែប្រយុទ្ធល្អបំផុត ក្នុងពិភពលោក Erling (Haaland) ប៉ុន្តែ Julian កំពុងបង្ហាញយ៉ាងច្រើននូវអ្វី ដែលរូបគេអាចធ្វើបាន»៕