ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីចិនប្រគល់និងទទួលគំរោងជួសជុលប្រាសាទតាកែវនៅរមណីយដ្ឋានអង្គរ

ក្រុមអ្នកជំនាញរបស់ប្រទេសចិន ដែលអនុវត្តគំរោងជួសជុលនិងអភិរក្សប្រាសាទតាកែវ អស់រយៈពេល៧ឆ្នាំនោះ បានបញ្ចប់ជាស្ថាពរហើយ។

កាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋាភិបាលចិន បានធ្វើពិធីប្រគល់-ទទួលជំនួយអំពីគំរោងជួសជុលនិងអភិរក្សប្រាសាទតាកែវនេះ ជូនមករាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការ ក្រោមអធិបតីភាព លោក លី ខឺឈាង ជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៃរាជរដ្ឋាភិបាលកម្ពុជា។

ប្រាសាទតាកែវ បានចាប់ផ្តើមជួសជុលតាំងពីឆ្នាំ២០១១ ហើយគំរោងជួសជុលបានបញ្ចប់នៅឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាអស់ប្រមាណ៤០លានយ័នប្រាក់ចិន។

សូមបញ្ជាក់ថាជំនួយរបស់ចិន មិនមែនត្រឹមតែការជួសជុលប្រាសាទតាកែវមួយប៉ុណ្ណោះទេ គឺកាលពីឆ្នាំ២០០០ចិនក៏ធ្លាប់បានជួសជុលប្រាសាទចៅសាយទេវតា ហើយបានបញ្ចប់កាលពីឆ្នាំ២០០៨ដោយប្រើប្រាស់ថវិកាអស់ប្រមាណ១៤លានយ័ន។

បច្ចុប្បន្ននេះ អ្នកជំនាញចិនដែលសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងតែសិក្សាគម្រោងជួសជុលព្រះបរមរាជវាំងអង្គរធំ ដែលគ្រោងនឹងប្រើរយះពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១៩-ឆ្នាំ២០២៩ ដោយគ្រោងចំណាយថវិកាប្រមាណ៩០លានយ័ន  ហើយថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏ទើបទទួលបានមូលនិធិពិសេសចំនួន៣៧៩៤០០ ដុល្លារអាម៉េរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង សម្រាប់រយៈពេល២ឆ្នាំ ដែលនឹងចាប់អនុវត្តនៅចុងឆ្នាំ២០២២នេះ ដើម្បីអភិរក្សនិងជួសជុលស្ពានហាល ខាងកើតនៃប្រាសាទបេងមាលាផងដែរ៕