អន្តរជាតិ

ឧត្តម​សេនីយ៍​កំពូល​អាម៉េរិក​​ថាទាហាន​រុស្ស៊ី​ជាង​ ១០​ម៉ឺន​បាន​បាត់បង់​ជីវិត​នៅ​អ៊ុយក្រែន

ដោយឡែកចំពេលមានដំណឹងដកទ័ពរុស្ស៊ីនៅឃើសន ឧត្តមសេនីយ៍កំពូលអាម៉េរិកវិញបាននិយាយថា ទាហានរុស្ស៊ីប្រហែលជាង ១០ម៉ឺននាក់បានបាត់បង់ជីវិតអស់ហើយនៅប្រទេសអ៊ុយក្រែន។

ឧត្តមសេនីយ៍កំពូលរបស់អាម៉េរិកលោក Mark Milley បាននិយាយកាលពីថ្ងៃពុធ នៅក្នុងក្លិបសេដ្ឋកិច្ច នៃទីក្រុងញូវយ៉កយ៉ាងដូច្នេះថា “យោធារបស់រុស្ស៊ីបានឃើញទាហានរបស់ខ្លួនជាង ១០ម៉ឺននាក់ បានស្លាប់ និងរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន។ ចំណែកកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុង Kyivក៏ “ប្រហែលជា” បានទទួលរងនូវកម្រិតដូចគ្នានៃអ្នកស្លាប់ និងរបួសដែរនៅក្នុងសង្គ្រាម។ ជម្លោះរហូតមកដល់ពេលនេះបានប្រែក្លាយ​ពី ១៥ លាននាក់ទៅ ៣០ លាននាក់ជាជនភៀសខ្លួន អ៊ុយក្រែន ហើយបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនប្រហែល ៤០.០០០ នាក់។

នៅពេលសួរអំពីទស្សនវិស័យសម្រាប់ការទូតនៅអ៊ុយក្រែន លោក Milley បានកត់សម្គាល់ទៀតថា ការបដិសេធដំបូងក្នុងការចរចាក្នុងសង្គ្រាមលោកលើកទីមួយបានធ្វើឱ្យមនុស្សរងទុក្ខវេទនា និងនាំឱ្យមានជនរងគ្រោះរាប់លាននាក់។ “ដូច្នេះនៅពេលដែលមានឱកាសចរចា ពេលណាសន្តិភាពអាចសម្រេចបាន … សូមចាប់យកវាទៅ”។

ចំពេលដែលមានដំណឹងថា រុស្ស៊ីដកទ័ពចេញពីឃើសនភាគខាងត្បូងអ៊ុយក្រែន អ្នកជំនាញខ្លះនិយាយថា ការថយក្រោយចុងក្រោយរបស់រុស្ស៊ីនេះអាចអនុញ្ញាតឱ្យ អ៊ុយក្រែនទទួលបានទីតាំងបន្ថែម ខណៈអ្នកផ្សេងទៀតបានអះអាងថា រុស្ស៊ីអាចប្រើការ ប្រកាសនេះជាល្បិចដើម្បីពន្យារពេលទុកសម្រាប់កំណត់ និងពង្រឹងកម្លាំងរបស់ខ្លួនឡើងវិញ សម្រាប់ការវាយលុកនៅនិទាឃរដូវថ្មី៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា