អន្តរជាតិ

រុស្ស៊ីនឹងមិនដាក់លក្ខខណ្ឌអ្វីទាំងអស់ បើអ៊ុយក្រែនចូលខ្លួនចរចាដោយសុទ្ធចិត្ត

រុស្ស៊ីបញ្ជាក់ថា នឹងមិនដាក់លក្ខខណ្ឌស្មុគស្មាញណាទាំងអស់ ប្រសិនបើអ៊ុយក្រែនស្ម័គ្រចិត្តចូលខ្លួន មកចរចាសន្តិភាពដោយសុទ្ធចិត្ត ដោយឆន្ទៈល្អជាមួយរុស្ស៊ីនោះ។

យោងតាមសារព័ត៌មាន RT​ ចុះផ្សាយនៅពេលថ្មីៗនេះ បានឲ្យដឹងថា រុស្ស៊ីតែងតែបង្ហាញពីឆន្ទៈ ក្នុងការរៀបចំកិច្ចចរចាសន្តិភាពជានិច្ចជាមួយអ៊ុយក្រែន។  អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានអត្ថាធិប្បាយថា រុស្ស៊ីមិនដែលប្រកាន់ដាក់លក្ខខណ្ឌអ្វីមុនជាមួយអ៊ុយក្រែនទេ ឲ្យតែអ៊ុយក្រែនស្ម័គ្រចិត្ត មានឆន្ទៈល្អចូលខ្លួនមកចរចា។ “អ៊ុយក្រែនទេដែលជាអ្នកបានអនុម័តច្បាប់ ដែលហាមប្រាមការចរចាសន្តិភាពជាមួយរុស្ស៊ី។ វាជាជម្រើសរបស់ពួកគេ។ ប៉ុន្តែយើងតែងតែ ប្រកាសពីការត្រៀមខ្លួនរបស់យើងសម្រាប់ការចរចាជានិច្ច”។ លោក Rudenko បានបន្ថែមថា ទីក្រុងមូស្គូកំពុងពិនិត្យមើលសំណើរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) សម្រាប់ការបង្កើតតំបន់សុវត្ថិភាពជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគ អាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ ហើយរុស្ស៊ីក៏នឹងគិតថ្លឹងថ្លែងផងដែរអំពីកិច្ចព្រមព្រៀងធញ្ញជាតិ សមុទ្រខ្មៅអ៊ុយក្រែន។

ការឆ្លើយតបបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន ហ្សេឡិនស្គី បាននិយាយកំណត់ដាក់ លក្ខខណ្ឌកាលពីថ្ងៃចន្ទសប្តាហ៍នេះ ទៅលើលក្ខខណ្ឌចំនួន៥ បើរុស្ស៊ីធ្វើបាន នោះអ៊ុយក្រែននឹងចូលខ្លួន ចរចា បើទោះបីជាការស្ទង់មតិដែលបានធ្វើឡើងនៅចុងខែតុលាបានបង្ហាញថា ៨៦%នៃប្រជាជន អ៊ុយក្រែនចង់ប្រយុទ្ធក៏ដោយ។ លក្ខខណ្ឌខាងលើរួមមានទាំងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ សំណងសម្រាប់ការខាតបង់ក្នុងសង្រ្គាម ការកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម និងការធានាមិនឲ្យ សង្រ្គាមកើតឡើងវិញម្តងទៀត៕

ប្រភព៖  RT

ប្រភពរូប៖RT
ប្រែសម្រួល៖សុខ តុលា