សន្ដិសុខសង្គម

រថយន្តបុករះផ្ទះបាក់បែកខ្ទេចខ្ទីរួចចូលត្រាំទឹកប្រឡាយ តៃកុងរបួសធ្ងន់

កណ្ដាល៖រថយន្តតូយូតាព្រូស បានបើកបុករះបង្គោលភ្លើងនិងផ្ទះលក់គ្រឿងសំណង់ បង្កការបាក់បែក សម្ភារខ្ទេចខ្ទី រួចជ្រុលចុះត្រាំទឹកប្រឡាយបណ្តាលអ្នកបើកបររងរបួសធ្ងន់។ហេតុការណ៍នេះបានកើត ឡើងស្ថិតនៅតាមផ្លូវលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាកToyota Prius ផ្លាកលេខ កណ្តាល 2F-6676  ធ្វើដំណើរតាមផ្លូវលេខ២១ ក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើបានបុករះបង្គោលភ្លើង ផ្លាកយីហោ ផ្ទះលក់គ្រឿងសំណង់បណ្តាលឱ្យសម្ភារបាក់បែកខ្ទេចខ្ទីជាច្រើន។ចំណែករថយន្តបង្កបានជ្រុលធ្លាក់ចូលតាំ្រក្នុងទឹកប្រឡាយធ្វើឱ្យអ្នកបើកបរប្រឹងវារចេញពីក្នុងរថយន្តស្ទើរស្លាប់ដោយរងរបួសធ្ងន់ត្រូវបានគេដឹកទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។

លុះព្រឹកថ្ងៃទី១០ ខែវិច្ឆិកាដដែល កម្លាំងសមត្ថកិច្ចចុះមកពិនិត្យឃើញប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ និងរបស់ឯកជន ក៏បានស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំភាគីរថយន្តចូលខ្លួនដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ