សន្ដិសុខសង្គម

រថយន្តបុកម៉ូតូពីក្រោយបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់​

ភ្នំពេញ៖រថយន្តម៉ាក​ Range Rover បានបុកម៉ូតូម៉ាក nex ពីក្រោយពេញទំហឹង​ បណ្ដាលឱ្យម៉ូតូដាច់ជា២កំណាត់ បុរសម្នាក់រងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម្តុំស្តុបនាគបាញ់ទឹក ​តាមផ្លូវព្រះសីហនុ​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា។

ពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងមានបុរសម្នាក់ជិះម៉ូតូម៉ាក​ Suzuki nex ផ្លាកលេខ​ភ្នំពេញ​ 1FE-9147 តាមផ្លូវសុធារស​ពីត្បូងទៅជើង​។

មកដល់កន្លែងខាងលើម៉ូតូបានឆ្លងស្តុបនាគបាញ់ទឹក​ស្រាប់តែមានរថយន្តម៉ាក​ Range Rover បើកតាមផ្លូវព្រះសីហនុ​ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន​ រួចបុកម៉ូតូពីក្រោយពេញទំហឹង​ បណ្ដាលឱ្យម៉ូតូដាច់ជា២កំណាត់ខូចខាតខ្ទេចខ្ទីនិងម្ចាស់រងរបួសធ្ងន់​ ។រីរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំដែរ ហើយបន្តបើករត់គេចខ្លួនបាត់។ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់យកទៅរក្សាទុក​បណ្ដោះអាសន្ន៕ដោយ៖វិចិត្រ