សន្ដិសុខសង្គម

ម៉ូតូធំបើកបុកបុរសជាសន្តិសុខម្នាក់ បណ្ដាលឱ្យដួលបោកក្បាលស្លាប់

ភ្នំពេញ៖បុរសម្នាក់បើកម៉ូតូធំបុកអ្នកថ្មើរជើងជាសន្តិសុខបណ្ដាលឱ្យដួលបោកក្បាលស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម្តុំធនាគារកាណាឌីយ៉ា លើផ្លូវ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីម៉ោង១០ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា។ សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូបើកពីជើងទៅត្បូង រីឯអ្នកថ្មើរជើងដើរឆ្លងផ្លូវពីរកើតទៅលិច ស្រាប់តែម៉ូតូបានបុកអ្នកថ្មើរជើង​ពេញទំហឹងបណ្ដោលឱ្យដួលបោកក្បាលរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនដល់​មន្ទីរពេទ្យ។

បុរសរងគ្រោះឈ្មោះឈួន វ៉ាន់ធិរិន អាយុ ៤៧ឆ្នាំ ជាសន្តិសុខ នៅភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានប្រពន្ធនិងកូន២នាក់។ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ហ៊ាង ដាវីត អាយុ១៨ឆ្នាំ ជាអ្នកលក់ដូរនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ម៉ូតូម៉ាក YAMAHA YZF R1 ផ្លាកលេខភ្នំពេញ1GY-0588 ត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យនគរបាលចរាចរណ៍រាជធានីភ្នំពេញ​ដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ