អន្តរជាតិ

ពេទ្យឆ្មបអង់គ្លេសរាប់ម៉ឺននាក់នឹងធ្វើកូដកម្មជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទាមទារដំឡើងប្រាក់ឈ្នួល

ពេទ្យឆ្មបរាប់ម៉ឺននាក់នៅចក្រភពអង់គ្លេស នឹងនាំគ្នាចេញធ្វើកូដកម្មជាលើកដំបូងមិនធ្លាប់មាន​ក្នុងប្រវត្តិសាស្រ្តនាពេលឆាប់ៗនេះ ដើម្បីទាមទារដំឡើងថ្លៃប្រាក់ឈ្នួលឲ្យល្អប្រសើរ។

មហាវិទ្យាល័យគិលានុបដ្ឋាយិកា ហៅកាត់ថា (RCN) នៃចក្រភពអង់គ្លេស មានសមាជិកច្រើនជាង ៣០ម៉ឺននាក់ បាននិយាយកាលពីថ្ងៃពុធទី៩ ខែវិច្ឆិកាថា គិលានុបដ្ឋាយិកាភាគច្រើននៃសេវា​សុខភាពជាតិ​គ្រប់គ្រងដោយរដ្ឋនៅទូទាំងប្រទេសបានបោះឆ្នោតសម្រាប់សកម្មភាពកូដកម្មនេះ។ សកម្មភាពតវ៉ាឧស្សាហកម្មនឹងចាប់ផ្តើមនៅមុនដំណាច់ឆ្នាំថ្មីនេះ ជាការទាមទារដ៏ធំមិនធ្លាប់មានក្នុង​ប្រវត្តិសាស្រ្តជាង ១០០ឆ្នាំ។ ក្រុមនេះបានលើកឡើងថា ប្រាក់ខែរបស់ពួកគេបានធ្លាក់ចុះដល់ទៅ ២០ ភាគរយនៅក្នុងលក្ខខណ្ឌជាក់ស្តែងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ធ្វើឲ្យសមាជិកឆ្មបនីមួយៗ​ជួបប្រទះការលំបាកក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេ និងបង់វិក្កយបត្ររស់នៅប្រចាំថ្ងៃ។ សហជីពមានគោលបំណងចង់តវ៉ារដ្ឋាភិបាលឲ្យដំឡើងប្រាក់ឈ្នួលបន្ថែមពីលើ ៥ ភាគរយនៃអតិផរណាបច្ចុប្បន្ន។

ជាការឆ្លើយតបទៅកាន់សហជីព RCN អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសឡើងកាន់​តំណែងថ្មីរបស់លោក Rishi Sunak បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលពិតជាចង់ណាស់ ចង់ធ្វើឱ្យមានតុល្យភាពក្នុងរង្វង់ជួរគិលានុបដ្ឋាយិកា និងបញ្ហាប្រឈមផ្នែកសារពើពន្ធប្រទេស។ អ្នកនាំពាក្យបានបន្តថា ការទាមទាររបស់ RCN នឹងត្រូវចំណាយអស់ថវិកា ៩ ពាន់លានផោន (១០,២៥ ពាន់លានដុល្លារ) ខណៈជាចំនួនច្រើនសម្បើមណាស់ “មិនអាចផ្តល់ជូនបានទេ”។ រដ្ឋាភិបាលត្រូវថ្លឹងថ្លែង​បន្ទុកសំខាន់ៗជាច្រើនទៀត៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា