អន្តរជាតិ

ប្រធានាធិបតីអាម៉េរិកនឹងជួបជប៉ុន និងកូរ៉េខាងត្បូងពិភាក្សាទប់ស្កាត់កូរ៉េខាងជើង

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកចូបៃដិន នឹងជួបសមភាគីជប៉ុននិងកូរ៉េខាងត្បូង ពិភាក្សាគ្នាអំពីវិធីសាស្រ្តទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង។

យោងតាមការជូនដំណឹងដោយមន្រ្តីសេតវិមាន កាលពីថ្ងៃពុធទី៩ ​ខែវិច្ឆិកា ឆ្នាំ២០២២ លោកបៃដិននឹងជួបជាមួយនាយករដ្ឋមន្ត្រី Fumio Kishida នៃប្រទេសជប៉ុន និងប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-Yeol ក្នុងអំឡុងពេលធ្វើដំណើរមកកាន់តំបន់អាស៊ីនាពេលខាងមុខ។ មេដឹកនាំទាំងអស់នឹងជួបគ្នានៅកម្ពុជានៅថ្ងៃអាទិត្យ ទី ១៣ ខែវិច្ឆិកា នៅពេលដែលលោក Biden ធ្វើទស្សនកិច្ចនៅអាស៊ីសម្រាប់កិច្ចប្រជុំជាមួយសមាគមអាស៊ាន និងក្រុមប្រទេសឧស្សាហកម្មចំនួន ២០នៅឥណ្ឌូណេស៊ី។

អ្នកនាំពាក្យលោក Watson បានឲ្យដឹងបន្ថែមថា  “មេដឹកនាំទាំងបីនឹងធ្វើការដើម្បី “បន្តពង្រឹងកិច្ច​សហប្រតិបត្តិការត្រីភាគីនៅទូទាំងឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើតមានដោយអាវុធប្រល័យលោក និងកម្មវិធីមីស៊ីល​ផ្លោងខុសច្បាប់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ”។

ភាពតានតឹងខ្លាំងនៅឧបទ្វីបកូរ៉េ កើតឡើងបន្ទាប់កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរំលងប្រទេសជប៉ុន ដែលនាំឲ្យមានការដាក់ពង្រាយយន្តហោះចម្បាំងកូរ៉េខាងត្បូង និងអាម៉េរិក ក៏ដូចជាជប៉ុនរួមគ្នា។ បញ្ហាកាន់តែស្មុគស្មាញ ខណៈមន្ត្រីអាម៉េរិកម្នាក់បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា មានតែចិន និងរុស្ស៊ីប៉ុណ្ណោះទើបអាចមានអានុភាពបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំឱ្យបន្តការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរឡើងវិញ៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា