អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីវ្ល៉ា ឌឹមៀរពូទីននឹងមិនចូលរួមប្រជុំG20 នៅកោះបាលីឥណ្ឌូណេស៊ីទេ

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន នឹងមិនចូលរួមកិច្ចប្រជុំក្រុមប្រទេសសេដ្ឋកិច្ច G20 នៅកោះបាលីប្រទេសឥណ្ឌូណេស៊ីឡើយ ខណៈទំនងជាមានសម្ពាធប្រឈមមុខខ្លាំងជាមួយ​លោកខាងលិច។

យោងតាមការជូនដំណឹងដោយមន្ត្រីឥណ្ឌូណេស៊ី និងរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ទី១០ ខែវិច្ឆិកានេះ បានឲ្យដឹងថា លោកវ្ល៉ា ឌឹមៀរពូទីន ប្រធានាធិបតីរុស្ស៊ី នឹងមិនមកចូលរួមដោយផ្ទាល់ក្នុង​កិច្ចប្រជុំសេដ្ឋកិច្ចយក្ស G20 នៅកោះបាលីប្រទេសឥណ្ឌូណេស៊ីដោយផ្ទាល់ឡើយ។ វិមានក្រឹមឡាំងនឹងបញ្ជូនមន្រ្តីជាន់ខ្ពស់រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov មកតំណាងជំនួសវិញ។ តែបើតាមអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា លោកពូទីននឹងចូលរួមកិច្ចប្រជុំមួយ​ក្នុងរបៀបវាវៈតាមតំណតភ្ជាប់ពីចម្ងាយ។

ចំពោះមូលហេតុជាក់លាក់អ្នកនាំពាក្យ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​​មិន​បាន​ផ្តល់​ការ​ពន្យល់​បន្ថែម​នោះទេ។ ក៏ប៉ុន្តែកាលពីថ្មីៗនេះ រុស្ស៊ីត្រូវបានប្រឈមនឹងសម្ពាធយ៉ាងខ្លាំងជាមួយប្រទេស​លោកខាងលិច។ បណ្តាប្រទេសជាច្រើន រួមទាំងអ៊ុយក្រែនបានស្នើឲ្យប្រធាន G20 ដកសិទ្ធិចូលរួម និងសមាជិករុស្ស៊ីជុំវិញវិនាសកម្មសង្រ្គាមដ៏ឃោរឃៅ។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានឆ្លើយតបវិញថា មិនអាចធ្វើដោយឯកតោបានទេ ខណៈលោកកំពុងសម្រុះសម្រួលការកកិត​ភូមិសាស្ត្រនយោបាយដ៏រសើបនេះ៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា