សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ប្រើអាវុធខ្លីគំរាមអ្នកលក់ស្រាបៀរទៅតុលាការ

ភ្នំពេញ ៖សមត្ថកិច្ចនៅថ្ងៃទី១០ វិច្ឆិកា ២០២២ បានបញ្ជូនជនសង្ស័យ២នាក់ប្រើប្រាស់អាវុធខ្លីគំរាមអ្នកលក់ស្រាបៀរទៅតុលាការដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យទី១.ឈ្មោះ សាត សុភាព ហៅ ភាព ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរម៉ៅការសំណង់ នៅផ្ទះលេខB១៤ ផ្លូវលំ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

ទី២.ឈ្មោះ ប៉ាត់ រតនៈ ហៅ ណាក់ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះលេខB៣៧ ផ្លូវបេតុង បុរីជឿន សារិន ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ជនទាំង២នាក់បានបានក្លែងបន្លំធ្វើជាមន្រ្តីយោធា ជាអង្គរក្ស និងជាអ្នកសារព័ត៌មាន ហើយកាន់កាប់ និងប្រើប្រាស់អាវុធ ប័ណ្ណសម្គាល់ខ្លួន និងឯកសណ្ឋានក្លែងក្លាយ។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហតុស្រ្តី រងគ្រោះឈ្មោះ ស សាបាន  អាយុ៦២ ឆ្នាំកំពុងលក់ដូរនៅផ្ទះ។ មានជនសង្ស័យឈ្មោះ នួន សូផាត ហៅ ផាត (កំពុងគេចខ្លួន) ជាជនដៃដល់ បានដើរឆ្លងផ្លូវទៅទិញស្រាបៀរABC ចំនួន១២កំប៉ុង  យកទៅផឹកស៊ីនៅផ្ទះ ដែលស្ថិតនៅទល់មុខគ្នាជាមួយបក្ខពួក១ក្រុម ។ ប៉ុន្តែនៅពេលទិញស្រាបៀរនោះ ជនសង្ស័យ មិនទាន់ឲ្យលុយទៅជនរងគ្រោះទេ ព្រោះនៅផឹកបន្ត ។

ក្រុមជនសង្ស័យទាំងនោះផឹករហូតដល់ពាក់កណ្តាលយប់មិនទាន់ឈប់ទេ។ ជនសង្ស័យបានដើរទៅទិញទឹកសុទ្ធ១យួរទៀត។នៅពេលនោះជនរងគ្រោះក៏បានសួរ នាំ រឿងលុយថ្លៃស្រាបៀរដែលជំពាក់រួចក៏ប្រកែកគ្នា។ បន្ទាប់មកជនសង្ស័យបានរត់ទៅយកកាំភ្លើងខ្លីម៉ាក K59 ចេញពីក្នុងផ្ទះក្នុងគោលបំណងទៅបាញ់ជនរងគ្រោះ តែត្រូវបានបក្ខពួក២ នាក់ឈ្មោះ សាត សុភាព និង ប៉ាត់ រតនៈ ចាប់ដណ្តើមយកអាវុធពីដៃ ក៏ប៉ះចំកៃកាំភ្លើងធ្វើឱ្យផ្ទុះ១គ្រាប់ ត្រូវកូនដៃខាងឆ្វេង នួន សូផាត បណ្តាលឲ្យរងរបួស ។

មន្ត្រីនគរបាលបន្តថា បន្ទាប់ពីហេតុការណ៍នោះកើតឡើងឈ្មោះ ប៉ាត់ រតនៈ បានយកអាវុធខ្លីម៉ាកK59 ទៅលាក់ទុកក្នុងព្រៃ ចម្ងាយយប្រមាណ១០០ម៉ែត្រ រួចបាននាំគ្នារត់គេចខ្លួនបាត់អស់ មុនពេលកម្លាំងសមត្តកិច្ចខណ្ឌដង្កោចុះទៅដល់។ តែពួកគេបានបន្សល់ទុកម៉ូតូ០១គ្រឿងម៉ាក PCX ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 1HI-3586លេខតួ និងលេខម៉ាស៊ីន0000919 និងសម្បកកាទូស១គ្រាប់ រួចក៏តាមស្វែងរកចាប់ខ្លួនបញ្ជូនទៅតុលាការតែម្តង៕