អន្តរជាតិ

ទីបំផុតរុស្ស៊ីប្រកាសដកទ័ពផ្លូវការចេញពីតំបន់ឃើសនភាគខាងត្បូងអ៊ុយក្រែនហើយ

ទីបំផុតរុស្ស៊ី បានប្រកាសដកទ័ពជាផ្លូវការចេញពីតំបន់ឃើសនភាគខាងត្បូងអ៊ុយក្រែនហើយ ខណៈដែលរដ្ឋាភិបាលអ៊ុយក្រែនហាក់ដូចជាមានមន្ទិលសង្ស័យទៅវិញ។

សេចក្តីប្រកាសនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ជាផ្លូវការ កាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយឧត្តមសេនីយ៍រុស្ស៊ី Sergei Surovikin បានឲ្យដឹងថា កងទ័ពរុស្ស៊ីត្រូវតែដកទ័ពចេញពីឃើសន និងភៀសខ្លួនទៅកាន់ច្រាំងម្ខាងទៀតនៃទន្លេ Dnieper។ លោកបានមានប្រសាសន៍ថា “យើងមិនអាចទប់ទល់រក្សាទីក្រុង Kherson បានទៀតទេ” ដោយបានវាយតម្លៃយ៉ាងទូលំទូលាយ​អំពីស្ថានភាពបច្ចុប្បន្ននៅឃើសន ខណៈដែលមានការវាយលុកយ៉ាងខ្លាំងពីកងកម្លាំងអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu ក៏បានបន្ទរបន្ថែមពីលើការអត្ថាធិប្បាយនេះ​ផងដែរ ដោយបាននិយាយថា “ខ្ញុំយល់ស្របនឹងការសន្និដ្ឋាន និងសំណើរបស់អ្នកចំពោះការបន្ត​ដក​ទ័ព​ចេញ និងចាត់​វិធាន​ការ​ទាំង​អស់​ដើម្បី​ផ្ទេរ​កម្លាំងរបស់យើង​ឆ្លង​កាត់​ទន្លេ”។

ការប្រកាសនេះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីអនុប្រធានតំបន់ Kherson តែងតាំងដោយរុស្ស៊ី គឺលោក Kirill Stremousov ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរមួយ។ លោក Stremousov  ជាមន្រ្តីខាងរុស្ស៊ីដែលមានបន្ទុកជម្លៀសប្រជាជននៅឃើសន​អស់រយៈជាច្រើនសប្តាហ៍មកហើយ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ខ្លួនពិតជា “សប្បាយចិត្តណាស់” ដែលឃើញកងកម្លាំងអ៊ុយក្រែនអាចរំដោះទឹកដីបានកាន់តែច្រើន និងបានឮដោយផ្ទាល់ថារដ្ឋមន្ត្រី​ការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបញ្ជាឱ្យកងទ័ពរបស់គាត់ដកទ័ពចេញពី Kherson ។ តែយ៉ាងណាក៏ដោយ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានអំពាវនាវប្រាប់ប្រជាជនទាំងអស់កុំទាន់អាលត្រេកអរភ្លេចខ្លួន ព្រោះរុស្ស៊ីអាចមានល្បិច។ លោកនិយាយថា “យើងមិនឃើញមានសញ្ញាណាមួយដែលថារុស្ស៊ីនឹងចាកចេញពី Kherson ទាំងស្រុងដោយទទេៗឡើយ ឬដោយគ្មានការប្រយុទ្ធបង្ហូរឈាមឡើយ”។ “កងកម្លាំងរុស្ស៊ីមួយចំនួននៅតែមានបន្តវត្តមានស្ថិតនៅទីនោះ”។ “មេបញ្ជាការរុស្ស៊ីកំពុងបង្កើនកម្លាំងបន្ថែម ដើម្បីប្រឈមមុខនឹងការវាយលុករបស់អ៊ុយក្រែន​ជាបន្តបន្ទាប់”៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា