សន្ដិសុខសង្គម

តាមចាប់អ្នកបើករថយន្តបុកម៉ូតូបត់ឆ្លងផ្លូវបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់

ស្វាយរៀង៖ សមត្ថកិច្ចកំពុងតាមចាប់រថយន្តឡិចស៊ីស បើកបុកអ្នកជិះម៉ូតូពេលបត់ឆ្លងផ្លូវពីក្រោយ ពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់បែកក្បាលស្លាប់ភ្លាម។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិ លេខ១៣ ក្នុងភូមិអណ្តូងត្របែក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះគង់ ហឿន អាយុ៥៦ឆ្នាំ​ នៅភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាគុបគ្មានផ្លាកលេខ ខូចខាតយ៉ាងដំណំ។

មុនកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូលើផ្លូវជាតិលេខ១៣ ពីត្បូងទៅជើង ហើយក៏បត់ឆ្លងផ្លូវស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស មិនចាំផ្លាកលេខមកបុកពេញទំហឹងបណ្តាលឱ្យស្ត្រីរូបនោះដួលបែកក្បាលស្លាប់ភ្លាម។ក្រោយមកអ្នកបើករថយន្តក៏បន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្ដង។

សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ និងបន្តតាមចាប់អ្នកបើកបររថយន្តបង្កយកមកទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ៖វិចិត្រ