សន្ដិសុខសង្គម

ឆេះរថយន្តទំនើបលើផ្លូវល្បឿនលឿនអស់ទាំងស្រុង​ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ​៖ភ្លើងបានឆាបឆេះរថយន្តទំនើបម៉ាក Range Rover មួយគ្រឿងនៅលើផ្លូវល្បឿនលឿនខ្ទេចអស់​ទាំងស្រុង តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ។ហេតុការណ៍នេះបានកើតឡើងស្ថិតលើផ្លូវ​ល្បឿន​លឿន ម្តុំគីឡូម៉ែត្រ៥៦ ក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថៃ្ង៨ ខែវិច្ឆិកា។

សមត្ថកិច្ចគោលដៅបានឱ្យដឹងថា ភ្លើងឆាបឆេះរថយន្ត Range Rover នោះខាងក្រុមផ្លូវល្បឿនលឿន​បានស្នើសុំអន្ដរាគមន៍ពីកម្លាំងជំនាញនគរបាលខេត្តកំពង់ស្ពឺ ហើយក៏ចេញរថយន្តពន្លត់អគ្គិភ័យ​មកជួយចំនួន២គ្រឿង។

តែដោយសារតែរថយន្ដកំពុងឆេះស្ថិតនៅលើផ្លូវល្បឿនលឿន ពិបាកក្នុងការឡើងអន្ដរាគមន៍​ព្រោះច្រកចូល-ឡើងផ្លូវនៅឆ្ងាយ មិនអាចមកទាន់ពេលវេលា ត្រូវភ្លើងឆេះខ្ទេចអស់គ្មានសល់។ទោះយ៉ាងណា គ្រោះថ្នាក់ឆេះរថយន្ដទំនើប សង្ស័យមកពីឆ្លងចរន្ដភ្លើង មិនបណ្ដាលឱ្យមនុស្សរងគ្រោះ​ថ្នាក់ទេ៕ដោយ៖វិចិត្រ