កីឡា

Pique ត្រូវ​បណ្ដេញ​ចេញ ទាំង​មិន​ទាន់ចូល​លេងហ្គេម​ចុង​ក្រោយឱ្យ Barca​

កីឡាករ Gerard Pique ត្រូវបានបណ្តេញចេញ នៅពាក់កណ្តាលតង់នៃការប្រកួតចុងក្រោយរបស់ខ្លួន មុនពេលចូលនិវត្តន៍ ដោយ​​ការពិន័យនេះ អាច​ទំនង​មក​ពី​ការ​ទៅ​បង្ហាញប្រតិកម្មខឹង​សម្បា​ ចំពោះ​​លោកអាជ្ញាកណ្តាល ប៉ុន្តែយ៉ាង​ណាក្ដី​ សម្រាប់​ការ​ប្រកួត​វិញ ក្រុម​អ្នក​មាន​បុណ្យ Barcelona បានវាយបក​យក​ឈ្នះ Osasuna ២-១ ហើយ​បាន​នាំ​មុខ​ដាច់ ៥ពិន្ទុដាច់ នៅទី​កំពូលតារាងនៃ​ក្របខ័ណ្ឌ La Liga កាលពីថ្ងៃអង្គារ។

កីឡាករ Pique វ័យ ៣៥ឆ្នាំ ដែលបានគ្រវីដៃលាទៅកាន់អ្នក​គាំទ្រ ក្នុង​កីឡដ្ឋាន Camp Nou កាលពីចុងសប្តាហ៍មុន បាន​បង្ហាញ​អារម្មណ៍​មួម៉ៅនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល លោក Jesus Gil Manzano ដែល​ផ្ដល់​ការ​កាតលឿង​ទី ២ ដល់​​ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Barca នៅ​នាទីទី​៣១។

Pique ដែល​ត្រូវ​បាន​ឈ្មោះ​ជា​កីឡាករបម្រុង ដោយ​គ្រូ​បង្វឹករបស់​ក្រុម Barca លោក Xavi Hernandez បាន​វូល​ទៅ​កៀក​លោក Manzano ដើម្បី​សម្ដែងការ​អាការ​ខឹង​សម្បា ពេល​សម្រាក​វគ្គ​ទី​១។

លោក Xavi បាននិយាយថា៖ «ខ្ញុំនឹងដាក់ឱ្យ​រូប​​គេ​លេង។ យើងបានដឹងថា កីឡាករ Andreas (Christensen) ទើប​ត្រឡប់មកពីរបួស ដូច្នេះ រូប​គេ​មាន​ចង្វាក់​នៃ​ការ​លេង​មិន​គ្រប់គ្រាន់។ កីឡាករ Eric Garcia កំពុងមានអារម្មណ៍ឈឺចាប់ ដូច្នេះ​ មែន​ហើយ កីឡាករ Gerard ត្រូវតែ​ប្ដូរ​ដាក់​ឱ្យ​លេង​»។

«ប៉ុន្តែរូប​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ត្រឹម​ពាក់​កណ្ដាល​តង់។ វាគឺជាលទ្ធផលនៃភាពតានតឹង នា​ពេល​នោះ​។ យើងមានអារម្មណ៍ថា មិន​យុត្តិធម៌ ហេតុដូច្នេះហើយ ទើប​នាំ​ឱ្យ​មាន​ប្រតិកម្មរបស់ Gerard»។ លោក Xavi បាន​បន្ថែម​។

​នៅ​ទីលានឯណោះវិញ នោះ​ទើប​តែជាការទទួល​បាន​កាត​ក្រហម​ជា​លើក​ទី ២ នៃអាជីពរបស់ខ្លួន សម្រាប់​កីឡាករ Lewandowski ដោយ​ការ​ពិន័យកាតលឿង​ទី ២ នោះ​ កើត​មាន បន្ទាប់ពីខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ លោត​ប្រជែងយកបាល់​ជាមួយ David Garcia ដែលជាកីឡាករស៊ុត​បញ្ចូល​ទី​ឱ្យក្រុម​ Osasuna នាំមុខនៅនាទីទី៦។

ប៉ុន្តែយ៉ាង​ក្ដី ក្លិប​យក្ស​នៃ​តំបន់កាតាឡាន ទោះ​មាន​សមាជិក​តែ ១០​នាក់ ក៏​នៅ​តែ​អាច​ធ្វើ​ការ​តប​ត​បាន​វិញ  បន្ទាប់​ពី​កីឡាករ Pedri ទម្លុះ​សំណាញ់​ទី​ឱ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ នៅ​នាទីទី​៤៨ ហើយ​បន្ទាប់​មក​ខ្សែបម្រើស្លាបប្រេស៊ីល Raphinha បានតែតបាល់បញ្ចូលទីគ្រាប់​បាល់​ជ័យ​ជម្នះ នៅមុន​ប្រមាណ​ជា ៥​នាទី​នៃ​ពេល​វេលាដែល​ត្រូវ​បញ្ចប់​ជាផ្លូវ​ការ។

ការ​ដណ្ដើម​បាន ៣ពិន្ទុ​នេះ នាំ​ឱ្យ​ក្រុម Barca មាន​គម្លាត ៥​ពិន្ទុ​ពី​លើ​ក្រុម​គូប្រជែង​ស្លាប់​រស់ Real Madrid ដែល​រង​បរាជ័យ​យ៉ាង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ក្នុង​លទ្ធផល ៣-២ នៅ​ឯ​ផ្ទះ​របស់​ក្រុម Rayo Vallecano កាល​ពី​ថ្ងៃចន្ទ​៕