ព័ត៌មានជាតិ

ខ្លែងឯកអត្តសញ្ញាណវប្បធម៌អរូបិយរបស់ខ្មែរ ដែលត្រូវបន្តអភិរក្សកុំឱ្យបាត់បង់

សៀមរាប៖ខ្លែងគឺជាវត្ថុលេងម្ប៉ាងដែលមានវត្តមាននៅក្នុងសង្គមខ្មែរជាច្រើនជំនាន់មកហើយ ដោយនៅតាមជនបទស្រុកស្រែចម្ការ ចូលចិត្តធ្វើវាពីក្រដាស កំណាត់ឬក៏ថង់ប្លាស្ទិក ដោយអបជាមួយនឹងបន្ទះឬស្សីបិតតូចៗ ដែលគេហៅថាឆ្អឹង ឱ្យវាអាចហោះបាន ដោយសារកម្លាំងខ្យល់ទាញយឹតតាមរយៈខ្សែដែលគេចងភ្ជាប់នឹងទ្រូងរបស់វា។

ខ្លែងក្រៅតែពីត្រូវបានគេប្រើសម្រាប់លេងជាល្បែងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទដែលកប់អត្ថន័យយ៉ាងជ្រៅទៅក្នុងវប្បធម៌របស់ជនជាតិខ្មែរ ដោយសារតែបុព្វបុរសលោកបានបង្កើតវាឡើងតាមជំនឿ ដើម្បីសម្តែងនូវការដឹងគុណចំពោះអារុក្ខ អារក្ស អ្នកតា ដែលបានជួយធ្វើឱ្យភោគផលដំណាំស្រូវទទួលបានទិន្នផលល្អប្រសើរ។

ជាយូរណាស់មកហើយ ការបង្ហោះខ្លែងលេងរបស់ប្រជាពលរដ្ឋខ្មែរ ច្រើនតែក្នុងរដូវរំហើយ ចាប់ផ្តើមរាប់ពីពាក់កណ្តាលខែកញ្ញា ដល់ពាក់កណ្តាលខែធ្នូ ហើយពេលខ្លះការលេងខ្លែងអាចអូសបន្លាយរហូតទៅដល់ខែមករាជាបន្តទៀតក៏មាន។

ការបង្ហោះខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរ មានតាំងពីបុរាណកាលយូរលង់មកហើយ និងបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ។

សព្វថ្ងៃនេះ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ហើយកាន់តែ​ជឿនលឿន​ទៅមុខ ព្រមទាំងទីវាលទំនេរចេះតែបាត់បង់ទៅៗដោយសារសំណង់រីកដុះដាល ធ្វើឱ្យប្រពៃណីបង្ហោះខ្លែងលេងរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមទីជនបទ បានបាត់បង់បន្តិចម្តងៗ ដែលធ្វើឱ្យក្មេងៗជំនាន់ក្រោយស្ទើរតែមិនបានស្គាល់ឬលេងបង្ហោះខ្លែងជាប្រពៃណីបន្តទៅទៀតទេ។

ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោករឿង សារ៉េត ធ្លាប់បានពន្យល់ឱ្យដឹងថា៖ខ្លែងឯកដែលមានឈ្មោះដើមថា(ខ្លែងព្នង)បានបង្កើតឡើងដោយបុព្វបុរសខ្មែរតាំងតែពីជាង៤០០ឆ្នាំ មុនគ្រិស្តសករាជមកម៉្លេះ សម្រាប់បង្ហោះក្នុងពិធីនៃរដូវច្រូតកាត់។នៅសម័យមុននគរភ្នំ បុព្វបុរសខ្មែរមានជំនឿលើអ្នកតា ហើយជំនឿនោះ បាននាំឱ្យដូនតាខ្មែរតែងតែប្រារព្វពិធីឡើងអ្នកតា នៅដើមរដូវវស្សា ដើម្បីសុំទឹកភ្លៀង សម្រាប់បង្កបង្កើនផល។ ចំណែកនៅរដូវច្រូតកាត់ គេតែងតែប្រារព្វពិធីបង្ហោះខ្លែង ដើម្បីសម្តែងនូវការដឹងគុណចំពោះអ្នកតា ដែលបានជួយឱ្យភោគផលដំណាំស្រូវបានផលល្អ។

ខ្លែងកាលពីសម័យបុរាណ គឺឆ្អឹងធ្វើឡើងអំពីឫស្សីបិតតូចៗ ពាសជាប់និងតួខ្លែងដោយប្រើស្លឹកឈើដែលត្បាញដូចកន្ទេល។

តាមការស្រាវជ្រាវឯកសារឱ្យដឹងថាពិធីបង្ហោះខ្លែងរបស់ខ្មែរ គឺផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម ហើយពិធីបង្ហោះខ្លែងត្រូវបានថែរក្សាតាំងពីបុរាណមក រហូតដល់ពេលដែលប្រទេសខ្មែរកើតមានសង្រ្គាមជាងពីរទសវត្សចាប់តាំងពីឆ្នាំ១៩៧០ ដល់របបខ្មែរក្រហម ដែលធ្វើឱ្យជនរួមជាតិនៅទូទាំងប្រទេសរស់នៅឃ្លាតឆ្ងាយពីគ្នា ការកាប់សម្លាប់ ការអត់បាយ ឈឺ ស្លាប់ និរាសព្រាត់ប្រាស់គ្រួសារ ជាហេតុធ្វើឱ្យពិធីបង្ហោះខ្លែងក៏ត្រូវបាត់បង់ចាប់ពីពេលនោះដែរ។

បច្ចុប្បន្ននេះ ប្រពៃណីបង្ហោះខ្លែង ស្ទើរតែបាត់បង់សាបសូន្យអស់ទៅហើយ គឺមានតែមនុស្សខ្មែរដែលមានវ័យចំណាស់ប៉ុណ្ណោះ ដែលនៅស្គាល់និងចេះធ្វើខ្លែងសម្រាប់បង្ហោះ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងប្រឹងប្រែងនិងជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរដែលមានវ័យចំណាស់ហើយនៅចេះធ្វើខ្លែងឯក គួរចែករំលែកចំណេះដឹងទាំងនេះ ទៅដល់យុវជនជំនាន់ក្រោយ ឱ្យចេះពីបៀបធ្វើខ្លែង ដើម្បីថែរក្សាបន្តកុំឱ្យបាត់បង់ ពីព្រោះការបង្ហោះខ្លែងឯកគឺជាបេតិកភ័ណ្ឌអរូបិយ របស់ខ្មែរ។                                                                                                             បេតិកភណ្ឌអរូបិយនេះវាស្ថិតនៅក្នុងខ្លួនមនុស្សជំនាន់មុនដែលពិបាកការពារ ប្រសិនបើមនុស្សខ្មែរជំនាន់មុន មិនបានផ្ទេរចំណេះនិងជំនាញធ្វើខ្លែងឯកទៅឱ្យកូនខ្មែរជំនាន់ក្រោយចេះធ្វើនិងបង្ហោះទេ គឺនៅពេលណាដែលមនុស្សខ្មែរជំនាន់មុនបាត់ នោះបេតិកភណ្ឌអរូបិយទាំងនេះ វានឹងបាត់ទៅតាមមនុស្សជំនាន់មុននិងពីសង្គមខ្មែរដែរ៕