ក្នុងពេលដែលមានការវាយប្រហាររំដោះខ្លាំងពីសំណាក់កងកម្លាំងអ៊ុយក្រែន អាជ្ញាធរ រុស្ស៊ីនៅតំបន់ឃើសនភាគខាងត្បូង បានប្រកាសដាក់បម្រាមគោចររយៈពេល ២៤ម៉ោង។
លោក Kirill Stremousov អភិបាលរងនៃតំបន់កំពង់ផែ Kherson ដែលគាំទ្រដោយប្រទេសរុស្ស៊ី បាននិយាយនៅក្នុងសារវីដេអូមួយនៅលើ Telegram ថា វិធានការនេះគឺចាំបាច់ណាស់ “ដើម្បីការពារទីក្រុង Kherson របស់យើង” ពី “ការវាយប្រហារភេរវកម្ម”។ លោក Stremousov បានអំពាវនាវជាថ្មីម្ដងទៀតឱ្យជនស៊ីវិលចាកចេញពីទីក្រុង Kherson ដោយនិយាយថា ក្បួនរថយន្តយោធាអ៊ុយក្រែនត្រូវបានគេប្រទះឃើញនៅតំបន់ជួរមុខយ៉ាងសន្ធឹកសន្ធាប់ ខណៈការវាយប្រហារអាចនឹងធ្វើទៅបានគ្រប់ពេល។ បម្រាមគោចរត្រូវបានដាក់រយៈពេល ២៤ម៉ោង នឹងមិនអនុញ្ញាតឲ្យជនស៊ីវិលណាម្នាក់ចាកចេញដើរហើរតាមទីសាធារណៈនោះទេ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
គួរជម្រាបថា កងកម្លាំងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានខិតរុលទៅមុខស្ទើរតែកៀកនឹងទីក្រុងឃើសនហើយ ធ្វើឲ្យរុស្ស៊ីតានតឹងគួរឲ្យកត់សម្គាល់។សហរដ្ឋអាម៉េរិកបានអះអាងយ៉ាងជឿជាក់ថា អ៊ុយក្រែនប្រាកដជារំដោះបានឃើសនមកវិញ៕
ប្រភព៖ REUTERS
ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា