កីឡា

Ronaldo មានឱកាសចុងក្រោយ ដើម្បីរះលើវេទិការបស់ World Cup

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo ដែលជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតលើពិភពលោកចំនួន ៥ដង នឹងមកដល់ប្រទេសកាតាជាមួយនឹងបេសកកម្ម ដើម្បីបញ្ជាក់ថា រូបគេនៅតែអាចបង្កើតបាននូវភាពខុសប្លែក។

វាជារឿងដែលមិនអាចប្រកែកបាននោះទេថា Ronaldo គឺជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតគ្រប់កាល ប៉ុន្តែភាពលំបាកលំបិនចុងក្រោយរបស់រូបគេ ក្នុងក្រុមបិសាចក្រហម Manchester United និងក្រុមព័រទុយហ្គាល់ បានធ្វើមានសំណួរជាច្រើនថា តើអាជីពដ៏ស្រស់ត្រកាលរបស់គេ ជិតត្រូវបានបញ្ចប់ដោយជូរចត់ហើយមែនទេ។

កីឡាករ Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិផ្នែកបុរស ដោយរកបានចំនួន ១១៧គ្រាប់ ក្នុងចំណោមការប្រកួតផ្លូវការ ១៩១ដង។ ចន្លោះគ្រាប់បាល់ដំបូងរបស់គេ ពេលក្រុមព័រទុយហ្គាល់លេងទល់នឹងក្រុមក្រិក ក្នុងព្រឹត្តិការណ៍ Euro 2004 និង ២គ្រាប់ចុងក្រោយបំផុត ទល់នឹងក្រុមស្វីស ក្នុងខែមិថុនា ឆ្នាំ២០២២ វាបានកន្លងទៅ ១៨ឆ្នាំហើយ ដោយសមិទ្ធផលនេះធ្វើឱ្យរូបគេក្លាយជាម៉ូដែល (គំរូ) យ៉ាងយូរអង្វែង។

រូបគេទម្លុះសំណាញ់ទីបាន ៨១៨គ្រាប់ ក្នុងអាជីពរបស់ខ្លួន និងបានគ្រប់គ្រងកំណត់ត្រា ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៃប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Champions League ជាមួយនឹងចំនួន ១៤០គ្រាប់។ តែទោះជាយ៉ាងណាក្ដី សម្រាប់អត្តពលិកគំរូម្នាក់ ដែលធ្លាប់បំបែកកំណត់ត្រានានា ពេលលេងឱ្យក្លិបធំៗមួយចំនួន នៅលើពិភពលោក ដូចជាក្លិប Real Madrid, Juventus និង Manchester United ទម្រង់លេង និងអាកប្បកិរិយាបច្ចុប្បន្នរបស់គេ កំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍យ៉ាងខ្លាំង។

ការបំប៉ោងសំណាញ់ទីរបស់ក្រុមស្វីស ក្នុងកម្មវិធី Nations League គឺរូបគេមានតែគ្រាប់បាល់ហ្នឹងប៉ុណ្ណោះ ក្នុងចំណោម ១០ហ្គេម ដែលក្រុមព័រទុយហ្គាល់បានលេង នៅឆ្នាំមុន។ ជាមួយក្រុម Man United រូបគេរកបានតែ ៣គ្រាប់ប៉ុណ្ណោះ នៅរដូវកាលនេះ ហើយបញ្ហារបស់គេជាមួយអ្នកចាត់ការ លោក Erik ten Hag បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយកីឡាករ Ronaldo ព្យាយាមយ៉ាងខ្លាំង ដើម្បីបានចូលទៅក្នុងក្រុមជម្រើសដំបូង និងបង្ហាញពីការមិនពេញចិត្តរបស់ខ្លួន ចំពោះការមិនបានលេងច្រើននាទី។

ក្នុងវត្តមាន នៅ World Cup ជាលើកទី៥ របស់ខ្លួន កីឡាករ Ronaldo ដែលពេលនេះ មានវ័យ ៣៧ឆ្នាំទៅហើយនោះ នឹងធ្វើដំណើរមកប្រទេសកាតា ក្នុងនាមជាប្រធានក្រុមនៃកីឡាករលេចធ្លោជាច្រើនរូប ដែលត្រូវបានគេមើលឃើញដោយទូទៅថា ជាកីឡាករឆ្នើមបំផុតសឹងតែគ្រប់តំណែងទាំងអស់ ប៉ុន្តែមិនធ្លាប់បានជោគជ័យ នៅលើវេទិកាប្រកួតប្រជែងដ៏ធំបំផុតរបស់ពិភពលោកនេះឡើយ។

បន្ទាប់ពីបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅ World Cup ក្នុងឆ្នាំ២០០៦ ក្រុមព័រទុយហ្គាល់ បានធ្លាក់ ២ដងក្នុងវគ្គ ១៦ក្រុមចុងក្រោយ (ឆ្នាំ២០១០ និងឆ្នាំ២០១៨) និងត្រឹមវគ្គសន្សំពិន្ទុតាមពូល ក្នុងឆ្នាំ២០១៤។

សម្រាប់កីឡាករ Ronaldo ទោះបីជាមានគំនិតយល់ឃើញថា ដំណើរផ្លូវដ៏ត្រចះត្រចង់របស់ស៊ុបភើស្តាររូបនេះ កំពុងរំកិលទៅកៀកនឹងទីបញ្ចប់មែនទែនហើយក្ដី ក៏រូបគេសុំមិនស្របតាមនោះឡើយ។

«នៅមានវត្តមានរបស់ Cristiano បន្តិចទៀត។ ខ្ញុំជាផ្នែកមួយនៃក្រុមក្មេងៗ ខ្ញុំចង់លេងនៅ World Cup ប៉ុន្តែក៏នៅ Euro នាពេលបន្ទាប់ផងដែរ»។ នេះជាសម្ដីរបស់កីឡាករ Ronaldo ដែលបាននិយាយ នៅឯកម្មវិធីមួយ នាប្រទេសព័រទុយហ្គាល់ ក្នុងខែកញ្ញា៕