អន្តរជាតិ

ក្រុមប្រទេសG7 នឹងបង្កើតយន្តការសម្របសម្រួលជួសជុលហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន

ក្រុមប្រទេសឧស្សាហកម្មទាំង៧ ឬហៅកាត់ថា G7 បានយល់ព្រមរួមគ្នាបង្កើតយន្តការសម្របសម្រួល ជួសជុល និងការពារហេដ្ឋារចនាសម្ព័ន្ធដល់អ៊ុយក្រែន។

ក្រុមប្រទេសឧស្សាហកម្ម G7 បានយល់ព្រមកាលពីថ្មីៗនេះ ថានឹងបង្កើត “យន្តការសម្របសម្រួលមួយ” ដើម្បីជួយអ៊ុយក្រែនជួសជុល ស្តារ និងការពារហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹកដ៏សំខាន់ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅប្រទេសអាល្លឺម៉ង់។ G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់ក្រុមនេះបានធ្វើការពិភាក្សារយៈពេល ៤៨ ម៉ោងនៅទីក្រុង Muenster របស់អាល្លឺម៉ង់ថា “យើងនឹងឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែនឱ្យបានយូរ តាមដែលពួកគេត្រូវការ” ។ G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក បានបន្ថែមថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការជួយអ៊ុយក្រែនក្នុងរដូវរងារនាពេលខាងមុខ។

ក្រុមនេះក៏បានព្រមានផងដែរទៅកាន់រុស្ស៊ីចំពោះផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមានការវាយប្រហារ ប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ ឬនុយក្លេអ៊ែរ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា