អន្តរជាតិ

អាម៉េរិក​ប្រកាស​ផ្ដល់ជំនួយ​ ៤០០​ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន

សហរដ្ឋអាម៉េរិកបានប្រកាសផ្តល់ជំនួយយោធា ៤០០លានដុល្លារថ្មីបន្ថែមទៀតដល់អ៊ុយក្រែន​សម្រាប់ការចំណាយទៅលើរថក្រោះ និងប្រព័ន្ធការពារដែនអាកាសជាច្រើនគ្រឿង។

សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា បានប្រកាសផ្តល់ជំនួយយោធាតម្លៃ ៤០០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដែលរួមមានការជួសជុលលើរថក្រោះ T-72 និងមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសប្រភេទ HAWK។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាម៉េរិកនឹងចំណាយលើការជួសជុលឡើង​វិញសម្រាប់រថក្រោះ T-72 ចំនួន ៤៥ គ្រឿងពីសាធារណរដ្ឋឆេក និងផ្តល់មូលនិធិជួសជុលមីស៊ីល​មួយចំនួន​សម្រាប់ប្រព័ន្ធការពារដែនអាកាស HAWK ។ លោកស្រី Singh បាននិយាយថា បន្ថែមពីលើ​មូលនិធិជួសជុលមីស៊ីល HAWK មូលនិធិជំនួយសន្តិសុខអ៊ុយក្រែនហៅកាត់ថា (USAI) ក៏នឹងផ្តល់ឱ្យ​ពួកគេ​នូវ​ប្រព័ន្ធអាកាសគ្មានមនុស្សបើក Phoenix ចំនួន ១១០០ គ្រឿង, ទូកពាសដែកចំនួន ៤០ គ្រឿង ក្នុងចំណោមភ័ស្តុភារដែលមានសមត្ថភាពខ្លាំងផ្សេងៗទៀត។

ចំពោះព័ត៌មានទាក់ទងនឹងពេលវេលាកំណត់ដែលអ៊ុយក្រែនត្រូវទទួលបានគ្រឿងប្រយុទ្ធទាំងនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ វាត្រូវចំណាយពេលសម្រាប់ការធ្វើទំនើបកម្មនៅប្រទេសឆេក បន្ថែមគ្រឿងខ្ចៅខ្យង និងមុខងារជាច្រើនទៀត៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា