អន្តរជាតិ

អាម៉េរិកនិងកូរ៉េខាងត្បូងប្រកាសកម្ទេចរបបគីមជុងអ៊ុន បើហ៊ានវាយប្រហារនុយក្លេអ៊ែរ

សហរដ្ឋអាម៉េរិកនិងកូរ៉េខាងត្បូង បានប្រកាសព្រមានបញ្ចប់របបគីមជុងអ៊ុន ក្នុងករណីដែលហ៊ាន​បើកការវាយប្រហារនុយក្លេអ៊ែរមកលើដៃគូ ឬសម្ព័ន្ធមិត្តរបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Jong-Sup Lee បាននិយាយនៅ​ចុងសប្តាហ៍នេះក្នុង​សន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិអាម៉េរិក Lloyd Austin ថា “រាល់ការវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាម៉េរិក ឬសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលមិនមែនជាយុទ្ធសាស្ត្រ គឺមិនអាចទទួលយកបានទេ ហើយនឹងនាំឱ្យមានការបញ្ចប់នៃរបបលោក Kim តែម្តង” ។ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin បានចោទប្រកាន់កូរ៉េខាងជើងថា “បានបង្កសកម្មភាពមិនទទួលខុសត្រូវ និងគ្មានការប្រុងប្រយ័ត្ន”។ ដោយនិយាយថា “សកម្មភាពទាំងនេះកំពុងបង្កអស្ថិរភាព​ដល់តំបន់ដែលមានសក្តានុពល។ ដូច្នេះ យើង​សូម​អំពាវនាវ​ឱ្យ​ពួកគេ​បញ្ឈប់​សកម្មភាពទាំងនេះ ហើយ​ចាប់ផ្តើម​ចូលរួម​ក្នុង​ការ​សន្ទនា​ដ៏ជាក់លាក់មួយ”។

មិនទាន់មានការឆ្លើយតបពីកូរ៉េខាងជើងភ្លាមៗនោះទេ។ ភាពតានតឹងនៅឧបទ្វីបកូរ៉េកំពុងផ្ទុះ​ឡើងខ្លាំងឡើងៗគួរឲ្យព្រួយបារម្ភតាំងពីថ្ងៃចន្ទមក។ កូរ៉េខាងជើងបានបាញ់  មីស៊ីលផ្លោងរំលងប្រទេសជប៉ុនជាលើកទី២ ហើយកាលពីល្ងាចថ្ងៃសុក្រ ទី៤ ម្សិលមិញនេះកូរ៉េខាងជើងក៏បានដាក់ពង្រាយជាបន្តបន្ទាប់នូវយន្តហោះចម្បាំងរហូតទៅដល់ ១៨០គ្រឿងផងដែរ។ កូរ៉េខាងជើងបានប្រាប់ថា ពួកគេចង់ឲ្យអាម៉េរិកនិងកូរ៉េខាងត្បូង​បញ្ឈប់សមយុទ្ធយោធាក្នុងតំបន់ភ្លាមៗ ជៀសវាងលទ្ធផលអាក្រក់ជាងនេះ។ យ៉ាងណាក៏ដោយ អាម៉េរិកនិងកូរ៉េខាងត្បូងនឹងមិនធ្វើតាមការទាមទារនោះទេ សមយុទ្ធ Vigilant Storm នឹងត្រូវអូសបន្លាយដល់ដំណាច់សប្តាហ៍ដើម្បីតាមដានស្ថានការណ៍តានតឹងកូរ៉េ៕

ប្រភព៖  CNN

ប្រភពរូប៖CNN
ប្រែសម្រួល៖សុខ តុលា