សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនបុរស៣នាក់បន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្រ

ព្រះសីហនុ៖កម្លាំងនគរបាលស្រុកព្រៃនប់ បានឃាត់បុរស៣នាក់បន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ច័យ​ពីប្រជាពលរដ្ឋតាមទីសាធារណៈនៅខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានបុរស៣នាក់បានបន្លំខ្លួនធ្វើជាសង្ឃដើរ​បិណ្ឌបាត្របច្ច័យពីពលរដ្ឋក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវអាជ្ញាធរឃាត់ខ្លួន​យកទៅសាកសួរ។

មន្ត្រីដដែលបានបន្តថា បុរសទាំង៣នាក់នោះមាន២នាក់បានកោរសក់បន្លំធ្វើជាសង្ឃនិងម្នាក់ទៀត​ជាអ្នកបើកបរម៉ូតូឌុបដើរធ្វើសកម្មភាពមកពីខេត្តព្រៃវែង។ក្រុមបុរសនោះនៅចំពោះមុខ​សមត្ថកិច្ចបានប្រាប់ថា ពួកខ្លួនពិតជាបានក្លែងបន្លំធ្វើជាសង្ឃពិតមែន។

មុនឃាត់ខ្លួន គេឃើញបុរស៣នាក់ក្លែងធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ច័យតាមផ្ទះពលរដ្ឋ​ជាច្រើនដងមករួចហើយ។មន្ត្រីមូលដ្ឋានមានការសង្ស័យ ក៏បានចាត់កម្លាំងតាមឃ្លាំមើលទើបដឹងថា​បុរសទាំងបីនាក់នោះបានយកស្បង់ចីវរទៅលាក់ទុកក្នុងព្រៃបន្ទាប់ពីដើរបិណ្ឌបាត្ររួច។

បន្ទាប់មកសមត្ថកិច្ចក៏ឃាត់ខ្លួនបុរសទាំង៣នាក់ជាក់ស្តែង ហើយបានសហការជាមួយមន្ទីរធម្មការ​និងសាសនាខេត្តព្រះសីហនុដើម្បីចាត់ការបន្ត៕ដោយ៖វិចិត្រ