សន្ដិសុខសង្គម

ឆេះក្លិបកម្សាន្តក្នុងក្រុងបាត់ដំបង បំផ្លាញសម្ភារអស់គ្មានសល់

បាត់ដំបង៖ ផ្ទះ៤ល្វែងជាប់គ្នាបង្កើតជាក្លិបកម្សាន្តយីហោ «LOL» ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​កណ្តាលក្រុងបាត់ដំបង ដោយបំផ្លាញសម្ភារខាងក្នុងអស់គ្មានសល់។

គ្រោះអគ្គិភ័យនេះបានកើតឡើងនៅម្តុំភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីល្ងាច​ថ្ងៃទី៤ ខែវិច្ឆិកា។ក្លិបកម្សាន្ត LOL ខាងលើជាកម្មសិទ្ធិរបស់ឈ្មោះប៉ូយ សុខុម អាយុ ៤២ឆ្នាំ រស់នៅខេត្តបាត់ដំបង។

ម្ចាស់ក្លិបបានឱ្យដឹងថា លោកបានបង្កើតក្លិបកម្សាន្ត LOL នេះក្នុងអំឡុងផ្ទុះជំងឺកូវីដ ហើយបានបិទទ្វារយ:ពេលយ៉ាងយូរ។ប៉ុន្តែចុងក្រោយនេះទើបបើកដំណើរការឡើងវិញ​ក៏ជួបគ្រោះមហន្តរាយបែបនេះតែម្តង។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថា ឧបទ្ទវហេតុនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់​មនុស្សទេ គឺភ្លើងបានឆេះបំផ្លាញទ្រព្យសម្បត្តិតុ ទូ សាឡុង និងសម្ភារផ្ទះបាយ និងសម្ភារការិយាល័យ​ប៉ុណ្ណោះ។អភិបាលក្រុងបានបន្តថា មូលហេតុដែលដឹងជាដំបូងអាចមកពី ឆ្លងចរន្តអគ្គិសនី។ប៉ុន្តែភាពជាក់លាក់យ៉ាងណាសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវនិងដឹងលម្អិតនៅពេលក្រោយ៕

ដោយ: ព្រះអង្គខ្មៅ