កីឡា

Man United ឈ្នះ Sociedad ១-០ តែក្រុមរបស់អេស្ប៉ាញ ឈរទី១

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រុមរបស់ប្រទេសអេស្ប៉ាញ បានបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុ នៅក្របខ័ណ្ឌ Europa League ដោយការឈរទី១ ក្នុងពូល E ដោយសារគ្រាប់បាល់ចំណេញច្រើនជាង ហើយក្រុមយក្សទៅពីអង់គ្លេស នឹងឡើងទៅកាន់វគ្គជម្រុះ ឬចាញ់ធ្លាក់ចុងក្រោយ។

ខ្សែបម្រើស្លាប Alejandro Garnacho រកបានគ្រាប់បាល់ដំបូងរបស់ខ្លួន សម្រាប់ក្រុម Man United នៅនាទីទី១៧ នៅពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo បានរួមចំណែកជាមួយ តាមរយៈការបញ្ជូនបាល់ទម្លុះចូលតំបន់គ្រោះថ្នាក់យ៉ាងល្អឥតខ្ជោះ ហើយកីឡាករវ័យ ១៨ឆ្នាំ បានស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងស្អាត។

ក្រោយចប់ការប្រកួត អ្នកចាត់ការក្រុមបិសាចក្រហម លោក Erik ten Hag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BT Sport ថា៖ «ខ្ញុំពិតជារីករាយជាមួយនឹងទម្រង់លេងរបស់គេ (Garnacho )  គេគឺជាការគំរាមកំហែងមួយ ដោយគេបានស៊ុតបាល់បញ្ចូលទី និងការពារបានយ៉ាងល្អ។ វាជាការបញ្ចប់ទីយ៉ាងអស្ចារ្យ ការស៊ុតដ៏អស្ចារ្យ និងពិតជាគួរឱ្យរីករាយណាស់»។

តែយ៉ាងណា ទោះរងបរាជ័យនេះ ក៏ក្រុម Sociedad នៅតែឈរលើគេក្នុងពូល ដោយមាន ១៥ពិន្ទុស្មើគ្នានឹងក្រុមលេខ ២ Man United។ ក្រុម Sheriff Tiraspol របស់ប្រទេសម៉ុលដាវី នឹងទៅប្រកួតប្រជែង នៅក្របខ័ណ្ឌ Europa Conference League បន្ទាប់ពីបញ្ចប់ ក្នុងចំណាត់ថ្នាក់លេខ ៣ ក្រោយមានជ័យជម្នះក្នុងទឹកដីខ្លួនឯង ១-០ លើក្រុម Omonoia Nicosia របស់ប្រទេសស៊ីប៕