សេដ្ឋកិច្ច

ADB គាំទ្រដល់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ២ជីហ្គាវ៉ាត់នៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអាណត្តិសេវាប្រឹក្សាប្រតិបត្តិការជាមួយក្រុមហ៊ុនអគ្គិសនីជាតិកម្ពុជា Électricité du Cambodge (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ២ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា។ អាណត្តិ​កម្មវិធី​នេះនឹងជួយឱ្យប្រទេសសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០។

យោងតាមសេចក្តីប្រកាសពត៌មានរបស់ADB នាថ្ងៃទី៣ ខែវិច្ឆិកា ក្នុងអាណត្តិកម្មវិធីនេះ ADB នឹងជួយEDC ធ្វើការសិក្សាទូទាំង​ប្រទេស​​ស្តីពីឱកាសសម្រាប់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យបន្ថែមរួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម(Battery Engergy Storage System – BESS) ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០៣០។ ADBក៏នឹងជួយដល់ EDC ក្នុងការដាក់ដេញថ្លៃគម្រោងសាកល្បង​១00​មេហ្គាវ៉ាត់ ដែលកំណត់ក្រោមការសិក្សាខាងលើ ទៅ វិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាននិងដំណើរការគម្រោង។ ​គម្រោងសាកល្បង នេះ ត្រូវបានគេ​រំពឹងថានឹងប្រមូលទុនបានរហូតដល់ ១00 លានដុល្លារអាមេរិក និងធ្វើជាគំរូក្នុងការពង្រីក វិសាល ភាព ការផ្គត់ផ្គង់ថាមពលកកើតឡើងវិញដែលមានតម្លៃសមរម្យនិងឆាប់រហ័ស​ក្នុងប្រទេសកម្ពុជា។

ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់នេះគឺស្របតាមយុទ្ធសាស្ត្ររបស់ រាជ រដ្ឋាភិបាលកម្ពុជាដើម្បីបំពេញតម្រូវការ​ថាម​ពលដែលកំពុងកើនឡើងរបស់ប្រទេស តាមរយៈការបង្កើនការប្រើប្រាស់ ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ គន្លឹះ​នៃយុទ្ធសាស្ត្រនេះគឺការទាញយកធនធាន ពន្លឺព្រះអាទិត្យដ៏សម្បូរបែបរបស់ប្រទេស​កម្ពុជាដែលការរួមចំណែករបស់ថាមពលព្រះអាទិត្យ​នេះ​បាន កើន ឡើង ជាក់ស្តែងពីសូន្យក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ ១២% នៅចុងឆ្នាំ ២០២១។

ប្រធានការិយាល័យភាពជាដៃគូសាធារណៈ និងឯកជនរបស់ ADB លោកស្រី F. Cleo Kawawaki បានមានប្រសាសន៍ថា​«វានឹង​ជា​កម្មវិធីនេ​ប្រកបដោយមហិច្ឆតាខ្ពស់របស់​កម្ពុជាក្នុងវិស័យថាមពលកើត ឡើងវិញបាន។ វា នឹង កាត់ បន្ថយ ថ្លៃ អគ្គិសនី និង ធ្វើ ឱ្យ ប្រសើរ ឡើងនូវសន្តិសុខថាមពលដោយការទាញយកអត្ថប្រយោជន៍ពីធនធានក្នុងស្រុក។ យើងសង្ឃឹមថានឹងរួមចំណែក​ដល់កិច្ច​ខិត​ខំ​ប្រឹងប្រែងនេះ តាមរយៈ ការគាំទ្រ ការដេញថ្លៃប្រកបដោយតម្លាភាព ដែលបានត្រៀមយ៉ាងល្អនិងដែលទាក់​ទាញការប្រកួតប្រជែង យ៉ាង សកម្ម ដើម្បីបង្កើនប្រសិទ្ធភាព ភាពច្នៃប្រឌិតនិងទុនពីវិស័យឯកជន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។»

ផែនការមេអភិវឌ្ឍន៍ថាមពលថ្មីរបស់កម្ពុជា ទទួលស្គាល់សក្តានុពលក្នុងការពង្រីកបន្ថែមនូវ សមត្ថភាព នៃ ថាមពល ពន្លឺព្រះអាទិត្យ PV ដែលត្រូវបានរំពឹងថានឹងលើសពី ៣ ជីហ្គាវ៉ាត់ ក្នុងឆ្នាំ២០៤០។ ដោយសារការរួមចំណែកនៃថាមពលពន្លឺព្រះអាទិត្យកើនឡើង ចាំបាច់ត្រូវ​មានការកែលម្អស្ថិរភាពបណ្តាញតាមរយៈការអនុម័ត BESS ។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ADB រីក រាយក្នុងការគាំទ្រការផ្លាស់ប្តូរ​ទៅរក​ថាម​ពលបៃតងនៅកម្ពុជា ដែលនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ច ស្អាត ប្រកបដោយនិរន្តរភាព និងបិរយាបន្នតាមរយៈការកែទម្រង់​គោល​នយោ​បាយ​ក្នុងផែនការ និងអភិបាល កិច្ច ថាមពល ការកែលម្អស្ថិរភាពបណ្តាញអគ្គិសនី និងប្រសិទ្ធភាពថាមពល។»

អាណត្តិកម្មវិធីនេះ ផ្អែកលើការគាំទ្រពីមុនរបស់ ADB ដល់វិស័យថាមពលព្រះអាទិត្យរបស់កម្ពុជាដែលរួមមាន​ឧទ្យានជាតិសូឡាដំបូង​បង្អស់របស​ប្រទេសមានទីតាំងនៅក្នុង​ខេត្តកំពង់ឆ្នាំង ដែលនឹងផលិត ថាមពលពន្លឺព្រះអាទិត្យរហូតដល់ ១00 មេហ្គាវ៉ាត់។ កម្មវិធីនេះ​ក៏នឹងផ្អែកលើគម្រោង BESS ដែល អនុវត្ត ដោយ EDCជាមួយនឹងជំនួយ​បច្ចេកទេស និងហិរញ្ញវត្ថុដែលផ្តល់ដោយ ADB ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្រប​ជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕ដោយៈសិរីមតី