អន្តរជាតិ

អ៊ុយក្រែនព្រាងថវិកា៣៨ពាន់លានដុល្លារនៅឆ្នាំ២០២៣ ទុកបន្តប្រយុទ្ធយកឈ្នះរុស្ស៊ី

រដ្ឋាភិបាលអ៊ុយក្រែននៅសប្តាហ៍នេះ បានព្រាងថវិកាជាតិ ៣៨ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣ ដើម្បីទុកចំណាយផ្តាច់មុខទៅលើការប្រយុទ្ធយកឈ្នះរុស្ស៊ី។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានជម្រាបកាលពីថ្ងៃទី ៣ ខែវិច្ឆិកា​ថា វានឹងក្លាយជា“ថវិកាសម្រាប់ជ័យជម្នះ” ខណៈក្នុងនោះប្រាក់ជាងមួយពាន់ពាន់លាន hryvnias ស្មើនឹង​ (២៧,១ ពាន់លានដុល្លារ)ភាគច្រើននឹងក្លាយជាការចំណាយសម្រាប់កងកម្លាំងប្រដាប់អាវុធ និងសន្តិសុខជាតិអ៊ុយក្រែនផ្ទាល់តែម្តង។ ថវិកា៣៨ពាន់លានដុល្លារសរុបសម្រាប់ឆ្នាំ២០២៣ គឺជាកំណត់ត្រាប្រវត្តិសាស្រ្តមួយរបស់អ៊ុយក្រែនមិនធ្លាប់មានក្នុងការចំណាយលើប្រតិបត្តិការប្រយុទ្ធជាមួយរុស្ស៊ី យកឈ្នះរុស្ស៊ី។ Shmyhal បាននិយាយបន្ទាប់ពីការបោះឆ្នោតសភាថា “យើងនឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីនាំជ័យជម្នះជូនជាតិមាតុភូមិ”។

ចាប់តាំងពីមានការឈា្លនពានពីរុស្ស៊ីមក អ៊ុយក្រែនបានបញ្ចេញថវិកាច្រើនសន្ធឹកសន្ធាប់គ្រប់ច្រកល្ហក ក៏ប៉ុន្តែប្រទេសនេះ​នៅតែអាចរក្សាតុល្យភាពរូបិយប័ណ្ណរបស់ខ្លួនមិនឲ្យប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ យោងតាមរបាយការណ៍ចេញដោយរ៉យទ័រកាលពីខែ កក្កដា ធនាគារកណ្តាលរបស់​អ៊ុយក្រែនបានវាយតម្លៃរូបិយប័ណ្ណរបស់ខ្លួនចំនួន ២៥%ធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ អ្នកជំនាញជឿថា នេះក៏ដោយសារអ៊ុយក្រែនទទួលបានជំនួយច្រើនពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងម្ចាស់ជំនួយអន្តរជាតិ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា