អន្តរជាតិ

ហ្សេឡិនស្គីអបអរមេដឹកនាំអ៊ីស្រាអែលថ្មី លោក Netanyahu ក្រោយឈ្នះឆ្នោត

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានអបអរសាទរលោក Netanyahu ដែលបានឈ្នះឆ្នោត នៅសប្តាហ៍នេះ ក្លាយជានាយករដ្ឋមន្រ្តីអ៊ីស្រាអែលថ្មី អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការរដ្ឋនិងរដ្ឋ។

សារអបអរត្រូវបានបង្ហោះតាមគណនីបណ្តាញសង្គមធ្វីតធ័រហ្សេឡិនស្គីផ្ទាល់ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកស្គីបានលើកឡើងថា “សូមអបអរសាទរដល់ @netanyahu ចំពោះការឈ្នះឆ្នោត។ វាតែងតែមានសារសំខាន់ណាស់ក្នុងការមើលឃើញលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងសកម្មភាព ជាក់ស្តែង។ ការចែករំលែកតម្លៃរួម និងបញ្ហាប្រឈម គឺត្រូវការខ្លាំងណាស់ឥឡូវនេះតាមរយៈ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ យើងសង្ឃឹមថានឹងបើកទំព័រថ្មីមួយសហការ ជាមួយរដ្ឋាភិបាលថ្មីអ៊ីស្រាអែលដើម្បីផលប្រយោជន៍រួម”។

គួរជម្រាបថា លោក Benjamin Netanyahu អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងជាសម្ព័ន្ធមិត្ត ស្តាំនិយមដ៏ល្បីល្បាញរបស់អ៊ីស្រាអែល បានឈ្នះការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសំឡេង៦៤អាសនៈសភាទល់នឹង ៣២ នៃអាសនៈរួម១២០។

លោក Netanyahu នឹងឡើងកាន់តំណែងថ្មីជានាយករដ្ឋមន្រ្តីអ៊ីស្រាអែល ខណៈបានសន្យាថា នឹងដឹកនាំប្រទេសឲ្យមានស្ថិរភាព។ លោកក៏ធ្លាប់និយាយដែរថា លោកនឹងផ្គត់ផ្គង់ អាវុធដល់អ៊ុយក្រែនប្រសិនបើឈ្នះឆ្នោត៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា