កីឡា

ស្វែងយល់ត្រួសៗពីក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នៅ World Cup ២០២២

ព្រឹត្តិការណ៍ FIFA World Cup 2022 ខិតកាន់តែជិតមែនទែនហើយ។ ហេតុដូច្នេះ យើងមកដឹងត្រួសៗពីរឿងរ៉ាវខ្លះៗរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលមានវត្តមាន ក្នុងជុំចុងក្រោយនៃការប្រជែងបាល់ទាត់ដ៏ធំរបស់ពិភពលោកមួយនេះ ដោយពេលនេះ យើងសូមលើកយករឿងរ៉ាវគួរដឹងពាក់ព័ន្ធនឹងក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ មកបង្ហាញថា តើពួកគេមានអាទិភាពកម្រិតណា នៅ World Cup នេះ និងថា តើមុននឹងបានកក់សំបុត្រយន្តហោះទៅប្រទេសកាតា ពួកគេបានឆ្លងកាត់អ្វីខ្លះ?

ខាងក្រោមនេះ គឺជាការរៀបរាប់ត្រួសៗពាក់ព័ន្ធនឹងក្រុមអាល្លឺម៉ង់ នៅ World Cup:

-ចំណាត់ថ្នាក់របស់ FIFA: លេខ ១១

-ហាងឆេង/ឱកាស: ១០-១

-ការប្រកួតប្រជែងពីមុន:

ក្នុងការបានបង្ហាញខ្លួនជាលើកទី ២០ របស់ពួកគេ នៅ World Cup នេះ ក្រុមអាល្លឺម៉ង់ បានឈ្នះពានដ៏ធំនេះចំនួន ៤ដងរួចហើយ។ បន្ទាប់ពីការទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងឆ្នាំ១៩៥៤ លើក្រុមហុងគ្រី ដែលមានសិទ្ធិខ្ពស់ នាពេលនោះ ពួកគេបានលើកពាននេះ ក្នុងនាមជាប្រទេសអាល្លឺម៉ង់ខាងលិច ក្នុងឆ្នាំ១៩៧៤ លើទឹកដីខ្លួនឯង ហើយសម្រេចបានម្តងទៀត ក្នុងឆ្នាំ១៩៩០ មុននឹងឈ្នះជើងឯកចុងក្រោយ នៅប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០១៤។

ពួកគេក៏បានជាប់ចំណាត់ថ្នាក់ជើងឯករង ៤ដងផងដែរ ហើយបានឡើងយ៉ាងហោចណាស់ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតប្រជែងនេះ ចន្លោះឆ្នាំ២០០២ ដល់ឆ្នាំ២០១៤។ ប៉ុន្តែពួកគេបានធ្លាក់ចេញដ៏គួរឱ្យភ្ញាក់ផ្អើលត្រឹមជុំទី ១ ក្នុងនាមជាក្រុមការពារតំណែងជើងឯកនៅ World Cup 2018 នាប្រទេសរុស្ស៊ី ដែលនោះជាការធ្លាក់ដំបូងបង្អស់របស់ពួកគេ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ រយៈពេល ៨០ឆ្នាំ។

តើពួកគេដណ្ដើមបានសិទ្ធិយ៉ាងដូចម្ដេច?

ក្រុមអាល្លឺម៉ង់ ដែលបានចាប់ផ្តើមវគ្គជម្រុះ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Joachim Loew មុនពេលគ្រូបង្វឹកបច្ចុប្បន្ន លោក Hansi Flick ចូលកាន់តំណែង កាលពីខែកញ្ញាឆ្នាំមុននោះ ធ្វើយុទ្ធនាការក្នុងពូល J របស់ពួកគេ ស្ទើរតែបានល្អឥតខ្ជោះ ដោយឈ្នះ ៩ដង និងចាញ់តែម្ដងប៉ុណ្ណោះ។

បរាជ័យតែ ១លើកគត់របស់ពួកគេ គឺការចាញ់ ២-១ នៅផ្ទះខ្លួនឯង ដោសារក្រុមម៉ាសេដ្វានខាងជើង។ ពួកគេស៊ុតបញ្ចូលទីបាន ៣៦គ្រាប់ និងរបូតវិញត្រឹមតែ ៤គ្រាប់ប៉ុណ្ណោះ ខណៈដែលពួកគេ បានបញ្ចប់យុទ្ធនាការ ដោយការឈរលើគេ ក្នុងពូល ដែលរួមមានក្រុមរូម៉ានី អាមេនី អ៊ីស្លង់ និងលិចតិនស្តាញផងដែរ។

ការណែនាំឱ្យដឹងពីទម្រង់លេងរបស់ក្រុម:

ក្រុមអាល្លឺម៉ង់មិនចាញ់សូម្បី ១ហ្គេម ក្រោមការដឹកនាំរបស់លោក Flick រហូតដល់មក រងបរាជ័យ ក្នុងទឹកដីខ្លួនឯង ក្រោមស្នាដៃរបស់ក្រុមហុងគ្រី កាលពីខែមុន ក្នុងកម្មវិធី Nations League។ ពួកគេបានឈ្នះការប្រកួតចំនួន ៩ដង ស្មើ ៥ដង និងចាញ់ម្ដង ក្រោមការដឹកនាំរបស់អ្នកចាត់ការក្រោយនេះ។

ក្នុងខណៈពេលដែលពួកគេបានយកឈ្នះគូប្រកួត ដែលខ្សោយជាង ក្នុងដំណើរឆ្ពោះទៅ World Cup ដោយការដណ្ដើមបានសិទ្ធិ ក្នុងនាមជាក្រុមជយលាភីលេខ ១ ក្នុងពូល ពួកគេក៏បានប្រែងប្រែងតស៊ូ ដើម្បីបង្ហាញពីភាពនឹងនរដូចគ្នាដែរជាមួយនឹងគូប្រជែងដ៏តឹងតែង។

លទ្ធផលស្មើ ៣-៣ របស់ពួកគេ ពេលលេងទល់នឹងក្រុមតោកំណាចអង់គ្លេស នៅកីឡដ្ឋាន Wembley ដែលជាការសាកល្បងពិតប្រាកដចុងក្រោយរបស់ពួកគេ មុនពេលហ្គេមផ្តាច់ព្រ័ត្រចុងក្រោយ បានបង្ហាញថា ក្រុមរបស់លោក Flick នៅតែត្រូវការការកែលម្អ សម្រាប់ការប្រកួតប្រជែង នៅ World Cup បន្ទាប់ពីមិនអាចយកជ័យជម្នះបាន ទោះបាននាំមុខ ២-០ មុនក៏ដោយ៕