អន្តរជាតិ

រុស្ស៊ីនិងអ៊ុយក្រែនដោះដូរអ្នកទោសគ្នាថ្មីជាង ២០០នាក់នៅដើមខែវិច្ឆិកានេះ

រុស្ស៊ីនិងអ៊ុយក្រែននៅដើមខែវិច្ឆិកានេះ បានបញ្ជាក់មកទាំងសងខាងថា បានដោះដូរអ្នកទោសថ្មី​ជាមួយគ្នាសរុបទាំងអស់ ២១៤នាក់ទៀតហើយ។

យោងតាមគណនីធ្វីតធ័ររបស់លោក Andriy Yermak ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ការដោះដូរអ្នកទោសរវាងទីក្រុងកៀវនិងទីក្រុងមូស្គូ បានធ្វើឡើងជាថ្មីនិងចុងក្រោយបង្អស់ ដោយខាងអ៊ុយក្រែនបានទទួលទាហានរបស់ខ្លួន​ត្រូវរុស្ស៊ីឃុំទុកបាន ១០៧នាក់ ចំណែកខាងរុស្ស៊ីក៏បានយកជនជាតិខ្លួន១០៧នាក់ទៅវិញដែរ។ អ្នកទោសអ៊ុយក្រែន ភាគច្រើនគឺជាកងការពារឈរជើងនៅរោងចក្រដែក Azovstal នៃទីក្រុង​កំពង់ផែម៉ារីយ៉ូប៉ូល។ ពួកគេមានរបួសជាប់ខ្លួនច្រើនគ្នាណាស់ ខ្លះរបួសដៃ របួសជើង របួសលើ​រាងកាយដោយសារគ្រាប់កាំភ្លើង និងខ្លះត្រូវពិការភាពគួរឲ្យអាណិត។

ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ជនជាតិរុស្ស៊ីដែលដូរបានមក​ក៏ត្រៀមបញ្ជូនទៅកាន់ទីក្រុងមូស្គូវិញដែរ ដើម្បីរៀបចំជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តក្នុងករណីចាំបាច់។ ទោះបីជាសង្រ្គាមបង្ហូរឈាមរវាងប្រទេសទាំងពីរ​កំពុងធ្វើឡើងជារៀងរាល់ថ្ងៃក៏ដោយ ការដោះដូរអ្នកទោសចំណាប់ខ្មាំងនៅតែបន្តធ្វើ​ឡើងមកជាហូរហែគួរឲ្យកត់សម្គាល់៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា