សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ទេសចរណ៍​អេក​ម៉ិ​ក និង CLMV កោតសរសើរ​ការរៀប​ចំ​តំបន់ Pub Street

​សៀមរាប​៖ រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​សមាជិក​អេក​ម៉ិ​ក (ACMECS)និង​ប្រទេស​សមាជិកCLMVបាន​កោតសរសើរ​ចំពោះ​ការរៀបចំ ​តំបន់​ទេសចរណ៍Pub Street របស់​ខេត្តសៀមរាបដែល​កំពុងមាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​ឡើង​វិញបន្ទាប់ពី​ផ្អាក​សកម្ម ភាព​ទេសចរណ៍​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ការកោតសរសើរ​នេះ​ត្រូវបាន​លើកឡើង​នា​អំលុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អេក​ម៉ិ​ក​លើក​ទី​៥ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ CLMV លើក​ទី​៦ ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​គួរ​ជម្រាប​ថា នាឱកាស​អញ្ជើញ​មកដល់​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ធំៗ​ទាំងពីរ​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​រដ្ឋមន្ត្រី​ទេសចរណ៍​និង​ប្រតិភូ​នៃ​ប្រទេស​សមាជិក​អេក​ម៉ិ​ក និង CLMV ដទៃទៀត​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ទេសចរណ៍​នាពេល​រាត្រី Pub Street នា​ក្រុង​សៀមរាប​។​

​នា​ដំណើរ​ទស្សនកិច្ច​នោះ គណៈប្រតិភូ​នៃ​ប្រទេស​ជា​សមាជិក​អេក​ម៉ិ​ក ក៏ដូចជា​ប្រទេស​សមាជិក CLMV បាន​ដើរ​ទស្សនកិច្ច​ដោយ​ថ្មើរ ជើង​នៅតាម​ផ្លូវ​នៃ​តំបន់ Pub Street នោះ​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​ទទួលបាន​ការស្វាគមន៍​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​កំពុង​ដើរលេង​កម្សាន្ត​នៅ​ទីនោះ​។​

​គណៈប្រតិភូ​បាន​មើលឃើញ​ពី​សក្ដានុពល​នៅ​តំបន់Pub Streetដែលជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយផ្ដល់ជូន​នូវ​ការកម្សាន្ត​  សប្បាយ​បន្ថែម​សម្រាប់​ភ្ញៀវទេសចរ​ដែល​មកដល់​ទឹកដី​ខេត្តសៀមរាប​។​

គណៈប្រតិភូ​សមាជិក​អេក​ម៉ិ​កនិងCLMV ក៏បាន​កោតសរសើរ​ដ​ល់​កម្ពុជា​ចំពោះ​ការរៀបចំ​តំបន់​ទេសចរណ៍​រាត្រីPub Street នេះ​ឱ្យមា ន ភាព​ទាក់ទាញ​ឡើងវិញនៅតាម​ដងផ្លូវ​មាន​ភាព​ស្អាត​ជាង​មុនការរៀបចំ​តុបតែង​នៅតាម​ហាង​នីមួយៗ​កាន់​តែមាន​សោភ័ណភាព បន្ទាប់ ពី​ផ្អាក​សកម្មភាព​ទេសចរណ៍ ក៏ដូចជា​ការបិទ​បណ្ដោះអាសន្ន​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ Pub Street គឺជា​តំបន់​ទេស ចរណ៍​នាពេល​រាត្រី​តូច​មួយ​នៅ​ខេត្តសៀមរាបដែល​ភ្ញៀវទេសចរ​បរទេស​ទូទៅ​ទទួលស្គាល់​ជា​ពិភពលោក​ដ៏​តូច​មួយ(Small World)​៕​ដោយៈសិរីមតី