អន្តរជាតិ

មន្ទីរបញ្ចកោណ៖ អ៊ុយក្រែននឹងរំដោះបានតំបន់ឃើសនពីរុស្ស៊ីយ៉ាងប្រាកដ

មន្ទីរបញ្ចកោណនិយាយថា កងកម្លាំងអ៊ុយក្រែននឹងរំដោះយកតំបន់ឃើសនភាគខាងត្បូង​ពីរុស្ស៊ីមកវិញក្នុងពេលឆាប់ៗនេះ ព្រោះទ័ពអ៊ុយក្រែនមានសមត្ថភាពខ្លាំងណាស់។

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin បាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅមន្ទីរ​បញ្ចកោណកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ុយក្រែនអាចរំដោះយកទីក្រុង Kherson ភាគខាងត្បូង​យុទ្ធសាស្ត្រមកវិញពីកងទ័ពរុស្ស៊ីយ៉ាងពិតប្រាកដ សហរដ្ឋអាម៉េរិកជឿជាក់យ៉ាងដូច្នេះ។ លោកបន្តថា “ យើង​បាន​ឃើញ​ពួកគេ​ចូល​រួម​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​វិធីសាស្ត្រមុតស្រួចវៃឆ្លាត ដែលមាន​ប្រសិទ្ធភាព​ក្នុង​ការ​រំដោះយក​ទឹកដី​អធិបតេយ្យភាព​របស់​ពួកគេ​មក​វិញ”។

នាពេលចុងក្រោយនេះ បច្ចុប្បន្នភាពនៅឃើសនមិនទាន់ត្រូវបានរាយការណ៍ជាហូរហែនោះទេ។ គ្រាន់តែដឹងថា ការប្រយុទ្ធគ្នាកំពុងបន្តពីមួយថ្ងៃទៅមួយថ្ងៃ រុស្ស៊ីហាក់ដូចជាចាញ់ប្រៀប ព្រមទាំងបាន​ជម្លៀសប្រជាជនជាច្រើនគ្រួសារតាមបណ្តោយទន្លេ Dnipro ផងដែរ ដោយលើកហេតុផលថា ខ្លាចអ៊ុយក្រែនបាញ់ផ្តាច់ទំនប់ទឹក។

បើតាមវីដេអូមួយរបស់អ្នក​កាសែត​ឃ្លាំមើល BBC លោក Francis Scarr បាន​បង្ហោះ​នៅលើធ្វីតធ័រ ទង់ជាតិរុស្ស៊ីដែលធ្លាប់ដោតលើអគាររដ្ឋបាលនៅឃើសន ស្រាប់តែបាត់​មិនបានដោតទៀតទេ។ លោក Kirill Stremousov អនុប្រធាន Kherson ដែលដំឡើងដោយរុស្ស៊ីបាន​និយាយថា កងទ័ព “ទំនងជា” នឹងចាកចេញពីច្រាំងខាងលិចនៃទន្លេ Dnipro ហើយផ្លាស់ទីទៅភាគ​ខាងកើត៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា