សន្ដិសុខសង្គម

បុរសម្នាក់គេឃើញស្លាប់លើភ្លឺស្រែ បង្កភ្ញាក់ផ្អើលអ្នកស្រុកកំពង់រោទ៍

ស្វាយរៀង៖ក្មេងៗឃ្វាលក្របីបានប្រទះឃើញបុរសម្នាក់ស្លាប់ផ្កាប់មុខក្រោមធាងត្នោតនៅលើភ្លឺស្រែ បង្កការភ្ញាក់ផ្អើល ហើយបានប្រាប់ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ។ហេតុការណ៍នេះបានកើតឡើង​ស្ថិត​នៅភូមិដែកភ្លើង ឃុំរាជមន្ទី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា។ មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ មា យិត អាយុ៥៧ឆ្នាំ នៅភូមិឃុំខាងលើ មុខរបរកាប់ធាងត្នោតលក់។

ក្រោយពីមានមនុស្សស្លាប់ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានចុះទៅពិនិត្យហើយបាន​សន្និដ្ឋានថា សពអាចស្លាប់ដោយសារខ្យល់គរ ព្រោះមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿង​ឃាតកម្មនោះទេ។ប៉ុន្តែអ្នកភូមិបានឱ្យដឹងថា បុរសខាងលើផឹកស្រាជាប្រចាំពេលផឹកម្ដងៗ​មិនដែលឃើញហូបបាយឡើយ៕ដោយ៖វិចិត្រ