សន្ដិសុខសង្គម

បុរសចិនបើករថយន្ត​បុកម៉ូតូសណ្ដោងរ៉ឺម៉ក ពីក្រោយបណ្ដាល​ឱ្យបុរសម្នាក់ស្លាប់ភ្លាម

ភ្នំពេញ​៖បុរសជនជាតិចិនម្នាក់បានរថយន្តម៉ាក ALPHARD បុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាម និងម៉ូតូរងការខូចខាតស្ទើរទាំងស្រុង។គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅមុខមណ្ឌលសុខភាព​ ព្រែកឯង​ តាមផ្លូវជាតិលេខ១​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា​ បុរសដែលស្លាប់​ឈ្មោះ​ សួរ​ សុខុន​ ​អាយុ​ ៤៨ឆ្នាំ ជា​អ្នករត់ម៉ូតូ​រ៉ឺម៉ក នៅ​ភូមិ​កោះ​ប្រាក់​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​ ។ មុនកើតហេតុ ​បុរសរងគ្រោះបានបើកម៉ូតូ សណ្តោងរ៉ឺម៉កតាមផ្លូវជាតិលេខ១​ពីកើតទៅលិច​ ។ពេលនោះក៏មានរថយន្តម៉ាក​ TOYOTA  ALPHARD ផ្លាកលេខ​ ភ្នំពេញ​ 2BB-8289 បើកបរដោយបុរសចិន បានបុកម៉ូតូសណ្តោងរ៉ឺម៉កនោះពីក្រោយ ពេញទំហឹង​ បណ្ដាលឱ្យម្ចាស់រ៉ឺម៉កស្លាប់ភ្លាម។ រីឯម៉ូតូរ៉ឺម៉កខូចខាតស្ទើរទាំងស្រុង និងរថយន្តបង្ក ខូចខាតខាងមុខយ៉ាងដំណំ។ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់តៃកុងរថយន្តបង្កយកទៅប៉ុស្ដិ៍ នគរបាលព្រែកឯង​ដើម្បីបន្តនីតិវិធី​៕ដោយ៖វិចិត្រ